យ៉ាងហោចណាស់មានមនុស្ស២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះក្រោយពីពួកគេបានព្យាយាមលួចម៉ូតូ១គ្រឿងហើយត្រូវបានម្ចាស់គេឃើញទាន់។ហេតុការណ៍ នេះកើតឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ០៩:៤៥នាទីនៅ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ចេង រតនា ហៅតុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានរួមមាន៖

១.ឈ្មោះ ថា វណ្ណនុត  ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន)

២.ឈ្មោះ សេក ចាន់រ៉េត ហៅរ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន)

ក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖

១.ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ឡើងតែម២០២២ ពាក់ផ្លាកលេខ កណ្តាល 1AH-2144 (ជារបស់ជនរងគ្រោះ) ។

២.ម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1GL-4564 (ជារបស់ជនសង្ស័យ) ។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៩:៤៥នាទី ជនរងគ្រោះបានជិះម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ បិទតែម២០២២ ពាក់ផ្លាកលេខ កណ្ដាល 1AH-2144 មកពីផ្សារជ្រោយដង រួចក៏ចតម៉ូតូនៅមុខផ្ទះរបស់ខ្លួនលក់គ្រឿងអគ្គិសនី ដោយទុកសោនៅជាប់និងម៉ូតូ ហើយក៏ដើរចូលទៅក្នុងផ្ទះមួយភ្លែត ពេលនោះជនរងគ្រោះក្រឡេកមើលមកក្រៅផ្ទះក៏ឃើញមានជនសង្ស័យម្នាក់ពាក់អាវផ្កា រាងស្គម ពាក់មួកសុវត្ថិភាព ពណ៌ស អង្គុយនៅលើម៉ូតូរបស់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះស្មានថាអ្នកមកទិញគ្រឿងអគ្គិសនី ក៏ដើរចេញទៅបម្រុងសួរនាំ ពេលដើរទៅជិតដល់ ស្រាប់តែជនសង្ស័យបានជិះម៉ូតូជនរងគ្រោះឡើងមកភ្នំពេញ ឃើញដូច្នេះជនរងគ្រោះបានស្រែកថាចោរៗ និងទូរសព្ទប្ដឹងសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ ពេលទទួលបានបណ្ដឹងភ្លាម កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌស្រុកកៀនស្វាយ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍តាមបណ្ដោយផ្លូវជាតិលេខ១ រហូតមកដល់ចំណុចផ្សារគគីរ ឃាត់ខ្លួនជនសង្ស័យបានពីរនាក់ យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ថា វណ្ណនុតបានសារភាពថា៖ ខ្លួនបានជិះម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1GL-4564 ជាមួយឈ្មោះ សេក ចាន់រ៉េត ភេទប្រុស ដោយឈ្មោះ ថា វណ្ណនុត ភេទប្រុស ជាអ្នកឌុប ហើយជិះចេញពីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សំដៅទៅខេត្តព្រៃវែង លុះមកដល់ចំណុចរោងចក្រសួនឧស្សាហកម្មសំរោងធំ ក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រាប់តែជនសង្ស័យឈ្មោះ សេក ចាន់រ៉េត ភេទប្រុស បានឱ្យឈ្មោះ ថា វណ្ណនុត ភេទប្រុស ឈប់ម៉ូតូហើយឈ្មោះ សេក ចាន់រ៉េត ភេទប្រុស ចុះពីលើម៉ូតូដើរទៅយកម៉ូតូ ជនសង្ស័យជិះឡើងមកភ្នំពេញ។

ចំណែកជនសង្ស័យឈ្មោះ សេក ចាន់រ៉េតបានបញ្ជាក់ដែរថា៖ ខ្លួនបានបបួលឈ្មោះ ថា វណ្ណនុត ភេទប្រុស ជិះពីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សំដៅទៅខេត្តព្រៃវែង លុះមកដល់ចំណុចរោងចក្រសួនឧស្សាហកម្មសំរោងធំ ក៏ឃើញម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ បិទតែម២០២២ ពាក់ផ្លាកលេខ កណ្ដាល 1AH-2144 ឈប់ចតនៅមុខផ្ទះលក់គ្រឿងអគ្គិសនី ដោយមានសោរជាប់នៅហ្នឹងម៉ូតូ ឃើញដូចនេះជនសង្ស័យឈ្មោះ សេក ចាន់រ៉េត ភេទប្រុស ក៏បានដើរចូលទៅយកម៉ូតូជនរងគ្រោះជិះឡើងមកភ្នំពេញ ។

ក្រោយមកជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បី សមត្ថកិច្ចរៀបចំកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.