សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់មានព័ត៌មានថា មេប៉ុស្តិ៍រូបនេះ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ តេឡេក្រាម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរ និងចេញផ្សាយថា«ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋនិងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ»។

សារជាសំណេរដែលចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញានេះ សម្ដេចធិបតី បានបន្ថែមថា«ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។ ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ»។

សូមបញ្ជាក់ថាដែលទើបនឹងតែងតាំងជាមេប៉ុស្តិ៍សំព្រោជនេះ មានឈ្មោះ ហុង សារ៉ុម។ នេះបើតាមការចេញផ្សាយជាច្រើនរបស់បណ្ដាញសារព័ត៌មាន។ ប្រភពព័ត៌មានបានឱ្យដឹងថា មេប៉ុស្តិ៍ថ្មីថ្មោងរូបនេះ មានប្រវត្តិមិន​ល្អ ដោយសារជាប់ពាក់ព័ន្ធករណីប្លន់អ្នកលក់​មាស​​ទាំង​កណ្ដាលថ្ងៃ នៅក្នុងផ្សារស្ទោង។ ប្រវត្តិប្លន់នេះ កើតមានកាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥ ដោយកាលណោះជនរងគ្រោះបានបាត់បង់ទ្រព្យសម្បត្តិគ្រឿងអលង្កា​សរុបជាង១៥០តម្លឹង ម៉ូតូមួយគ្រឿង និងលុយកាក់មួយចំនួនធំ៕

Share.