បើតាមសារព័ត៌មាន AFP បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានអបអរដល់ទំនាក់ទំនងជាមួយប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសក្នុងការឆ្លើយតបទៅនឹងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Livemint នាថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣។

បន្ទាប់ពីចាកចេញពីកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលី លោក Biden គ្រោងនឹងជួបប្រជុំជាមួយលោក Nguyen Phu Trong មេដឹកនាំបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចរបស់វៀតណាម។ ក្នុងដំណើរទស្សនកិច្ចនេះ គេរំពឹងថា «ពួកគេនឹងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាផ្លូវការ» ដែលជាការកត់សម្គាល់កម្រិតខ្ពស់បំផុតនៃទំនាក់ទំនងការទូតរវាងទីក្រុងហាណូយ និងទីក្រុងវ៉ាស៊ីនតោន។

​​គោលបំណងនៃដំណើរទស្សនកិច្ចរយៈពេលខ្លី នឹងមានរបៀបវារៈ​​​ច្រើនដូចគ្នាទៅនឹងអំឡុងពេលរបស់លោក Biden ចូលរួមក្នុងកិច្ចប្រជុំ G20 ដែរ។ សម្រាប់វៀតណាម ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូតមានសារៈសំខាន់ណាស់។

ការលើកកម្ពស់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយទីក្រុងហាណូយ គឺផែ្នកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបង្កើតបណ្ដាញ សម្ព័ន្ធមិត្តអាស៊ី និងប៉ាស៊ីហ្វិក ចំពោះមុខការកើនឡើងឥទ្ធិពលចិន។

ភាពជាដៃគូថ្មីរវាងសហរដ្ឋអាមេរិក និងវៀតណាម ក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងមួយស្ដីពី សឺមីកុងឌុចទ័រ ដែលក្នុងនោះសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តជួយវៀតណាម អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន និងពង្រីកការផលិត។ មិនតែប៉ុណ្ណោះ ក៏មានកិច្ចព្រមព្រៀងស្ដីពីធនធានរ៉ែកម្រ ដែលសម្រាប់ប្រើប្រាស់ក្នុងការផលិតឧបករណ៍ទំនើបៗដូចជាស្មាតហ្វូន និងរថយន្ដអគ្គិសនីផងដែរ។

សូមជម្រាបថា តាមរយៈការចុះកិច្ចព្រមព្រៀងខាងលើដែលសម្រេចឡើង អំឡុងដំណើរទស្សនកិច្ចរបស់លោក Joe Biden នៅទីក្រុងហាណូយ បានធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសមួយដែលមានឋានៈខ្ពស់នៅក្នុងទំនាក់ទំនងការទូតរបស់វៀតណាម រួមជាមួយប្រទេសផ្សេងទៀតដូចជា រុស្ស៊ី ឥណ្ឌា កូរ៉េខាងត្បូង និងចិន៕

ប្រភព៖ Livemint

Share.