កំពង់ធំ៖ មន្ដ្រីនគរបាល ដែលត្រូវបានតែងតាំងជាមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកន្លងមកធ្លាប់ធ្វើសកម្មភាពប្លន់ទូមាសនោះ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិហើយ ខណៈអធិការនគរបាលស្រុកស្ទោង ត្រូវបានដកឲ្យទៅបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តជាបណ្ដោះ អាសន្ន បន្ទាប់ពីរកឃើញភាពមិនប្រក្រតីនៃការតែងតាំងនេះ ពិសេសមេប៉ុស្ដិ៍នោះធ្លាប់មានប្រវត្តិមិនល្អ ដោយពាក់ព័ន្ធករណីប្លន់។

តាមការស្រាវជ្រាវ រហូតចាត់វិធានការនេះ ធ្វើឡើងក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាទៅនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ឲ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់មានព័ត៌មានថា មេប៉ុស្តិ៍រូបនេះ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន ល្ងាចថ្ងៃទី១០ ខែកញ្ញានេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានបញ្ជាក់ថា «ក្រោយទទួលបានបទបញ្ជា ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗ និងចាត់វិធានការតាមច្បាប់ជាធរមាន មេប៉ុស្ដិ៍បណ្ដេញចេញពីក្របខ័ណ្ឌ និងអធិការ ដកមកបម្រើការងារបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត»។

សូមរំលឹកថា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្តេចធិបតី បានបញ្ជាក់តាមតេឡេក្រាមបែបនេះ «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗ រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋនិងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។

ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ»។

ផ្តើមចេញពីករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការត្រួតពិនិត្យ និងវាយ តម្លៃ ឱ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឱ្យបានហ្មត់ចត់មុននឹងធ្វើ ការ តែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោម ជាតិ។ យោងតាមបណ្តាញព័ត៌មាននានា បានបញ្ជាក់ថា បុរសដែលទើបនឹងតែងតាំងជាមេប៉ុស្តិ៍សំព្រោជនេះ មានឈ្មោះ ហុង សារុម។

ប្រភពព័ត៌មានបានឱ្យដឹងថា បុរសរូបនេះធ្លាប់មានប្រវត្តិមិន ល្អ ជាប់ពាក់ព័ន្ធការប្លន់អ្នកលក់ មាស ទាំង កណ្ដាលថ្ងៃ នៅក្នុងផ្សារស្ទោង កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥ ដោយអស់គ្រឿងអលង្កា សរុបជាង១៥០តម្លឹង ម៉ូតូមួយគ្រឿង និងលុយកាក់មួយចំនួនធំផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ កម្លាំងនគរបាលខេត្តកំពង់ធំ បានស្រាវជ្រាវ និងបំបែកករណីប្លន់ទូមាស នៅផ្សារស្ទោង ស្រុកស្ទោង ហើយកាលនោះចាប់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរប្លន់២នាក់ និងដកហូតបានវត្ថុតាង មានកាំភ្លើង និងម៉ូតូសម្រាប់ជាមធ្យោបាយធ្វើសកម្មភាពប្លន់ចំនួន៣គ្រឿង។ ករណីប្លន់នេះ បានកើតឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥។

ជនសង្ស័យទាំងពីរនាក់ ទី១៖ ឈ្មោះ ហុង សារ៉ុម ភេទប្រុស អាយុ៤០ឆ្នាំ និងទី២៖ឈ្មោះ មាន រ៉េន ភេទប្រុស អាយុ៤៧ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិត្នោតជុំ២ ឃុំត្នោតជុំ ស្រុកបារាយណ៍៕

អត្ថបទ៖ កំពង់ធំ

Share.