កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងបន្តធ្វើសមយុទ្ធរួមគ្នារយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល សមយុទ្ធ​នេះជាសមយុទ្ធសុខាភិបាលរួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន និងមានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣»។

សមយុទ្ធនេះ នឹងធ្វើឡើងនៅបញ្ជាការដ្ឋានទ័ពពិសេស របស់កងទ័ពជើងគោក ដោយភាគីកងទ័ពកម្ពុជាមានកម្លាំងចូលរួមចំនួន៥៩៥នាក់ និងកងទ័ពរំដោះប្រជាជនចិនមានកម្លាំងចូលរួមចំនួន១២៦នាក់។

អគ្គបញ្ជាការដ្ឋាន បានគូសបញ្ជាក់ថានៅក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធនេះ ក្រុមគ្រូពេទ្យចិន និងក្រុមគ្រូពេទ្យកម្ពុជា ក៏មានការរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។

ប្រជាពលរដ្ឋអាចចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប ខណៈការពិនិត្យព្យាបាល ធ្វើឡើងពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣៕

Share.