ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន១៨ ២៨៩នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានព្រលយថាសម្ដេចមានបំណងចង់បានកូនម្នាក់ទៀត។

សម្ដេចបានមានប្រសាសន៍ថា«ខ្ញុំបើបានកូនភ្លោះអ៊ីចឹង ខ្ញុំអត់ពិបាកសុំប្រពន្ធខ្ញុំកូនទី៤ទេ។ សង្ឃឹមថានិយាយទៅ ប្រពន្ធខ្ញុំគាត់បានមើលតាម[ការផ្សាយផ្ទាល់]គាត់មានក្ដីអាណិតពិចារណា។ សំខាន់ឥលូវហ្នឹង អាកូនប្រុសតូចហ្នឹងងគេនៅក្នុងអាយុមួយដែលគេចង់នៅជាកូនពៅនៅឡើយ»។

សម្ដេចធិបតី បានរម្លឹកថា កាលពីសម្ដេច និងលោកជំទាវ មានកូនស្រីទី១ និងទី២ សម្ដេចក៏បានសុំកូនទី៣ពីលោកជំទាវដែរ ប៉ុន្តែមិនទទួលបានភ្លើងខៀវសោះ គឺទាល់តែកូនស្រីទាំងពីរនិយាយសុំ ទើបលោកជំទាវសម្រេចចិត្តយល់ព្រម ដែលធ្វើឱ្យគ្រួសារតូចនេះ មានសមាជិកថ្មីម្នាក់ទៀត គឺកូនប្រុសពៅបច្ចុប្បន្ន។

សូមបញ្ជាក់ថាសម្តេចតេជោ ធ្លាប់មានប្រសាសន៍ថា កាលពីឯកឧត្តម ហ៊ុន ម៉ាណែត មានអាយុ១៦ឆ្នាំ ហើយលោកជំទាវ ពេជ ចន្ទមុន្នី មានអាយុ១៤ទៅ១៥ឆ្នាំ ឯកឧត្តម ហ៊ុន ម៉ាណែត បានស្នើសុំដណ្ដឹងលោកជំទាវ ពេជ ចន្ទមុន្នីឲ្យខ្លួន ប៉ុន្តែសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានណែនាំឱ្យផ្ដោតលើការសិក្សាសិន។

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០០៦។ សៀវភៅ«កូនប្រុសច្បងដ៏មានឥទ្ធិពល» របស់អ្នកនិពន្ធ ពៅ សុខ សរសេរថា ឯកឧត្តម និងលោកជំទាវ បានស្គាល់ និងចាប់ចិត្តប្រតិព័ន្ធនឹងគ្នាតាំងពីនៅរៀនវិទ្យាល័យព្រះស៊ីសុវត្ថិមកម្លេះ។

គួរកត់សម្គាល់ដែរ នៅក្នុងនីតិកាលទី៧នេះ សមាសភាពរាជរដ្ឋាភិបាល ភាគច្រើនដឹកនាំដោយឥស្សរជនវ័យក្មេង។ ដូច្នេះ អាចនិយាយបាន ទំនងជាមិនត្រឹមតែកម្រិតនាយករដ្ឋមន្រ្តីនោះទេ សូម្បីតែរដ្ឋមន្រ្តីនៃក្រសួងស្ថាប័នខ្លះ ក៏អាចនឹងត្រូវដាក់ច្បាប់ដើម្បីសំរាកថែប្រពន្ធឆ្លងទន្លេ និងសំរាកមាតុភាពផងដែរ៕

Share.