យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិបានឲ្យដឹងថា ប្រទេសចិននឹងមានព្យុះទីហ្វុង InFa ​ដោយព្យុះនេះ នឹងធ្វើដំណើរ ទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន។ 

មនុស្សរាប់លាននាក់ត្រូវបានជម្លៀសចេញ ទៅកាន់ទីសុវត្ថិភាព ស្របពេលដែលប្រទេសនេះកំពុងតែរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង នៅទីក្រុង Zhengzhou ខេត្ត Henan សម្លាប់មនុស្សយ៉ាងតិច ៣៣នាក់ទៅហើយ។ 

ភ្លៀងធ្លាក់ជាច្រើនថ្ងៃ បានធ្វើឲ្យទឹកទន្លេឡើងផុតច្រាំង ជន់លិចភាគខាងជើងទៅដល់តំបន់ Xinxiang និងតំបន់ជុំវិញនោះ ធ្វើឲ្យផ្លូវថ្នល់ ផ្ទះសំបែង រថយន្ត និង ស្រែចម្ការរបស់កសិករនៅតាមតំបន់នោះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ទូរទស្សន៍ក្នុងស្រុករបស់ប្រទេសចិនបានផ្សាយថា ពេលនេះមនុស្សជិត ៩ពាន់នាក់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ហើយអាជ្ញាធរនៅតំបន់រងគ្រោះកំពុងជម្លៀសប្រជាជនចំនួន ១ម៉ឺន៩ពាន់នាក់ បន្ដទៀត។ 

សូមជម្រាបថា កោះតៃវ៉ាន់ និងឆ្នេរសមុទ្រខាងកើតរបស់ប្រទេសចិនក៏ត្រូវបានគេរំពឹងថា និងមានការបាក់ដីចាប់ពីថ្ងៃអាទិត្យស្អែកនេះទៅ ស្ថិតនៅក្នុងតំបន់មួយ ដែលមានប្រជាជនរាប់សិបលាននាក់រស់នៅ៕

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.