ក្លិបកីឡាបាល់ទាត់ វិសាខា នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ បានរៀបចំពិធីវាយគង និងទូងស្គរ នៅកីឡដ្ឋានព្រីនស៍ ក្រោមវត្តមានលោកជំទាវ កែ សួនសុភី ប្រធានក្លិបវិសាខា ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃ១៧ ខែកញ្ញា ២០២៣កន្លងទៅ។

តាមការការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

​ប្រាសាទ​កោះកេរ្តិ៍ ​តែ​ខ្លះ​ហៅ​​ថា​កោះកេរ​ បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ័្មន​ទី​៤​ ឧទ្ទិស​ដល់​អាទិទេព​មួយ​អង្គ​ឈ្មោះ​ ត្រី​ភូវនេស្វរៈ​ ​(ព្រះ​ឥសូរ​)​ ដែល​ជា​អាទិទេព​ធំ​ឬ​ផ្តល់​សេចក្តី​សុខ​ក្នុង​ពិធី​សក្ការៈ​ទេវរាជ​មនុស្ស​លោក​។​

​ប្រាសាទ​នេះ​ពី​ដើម​ឈ្មោះ​ឆកគគីរ​ ​ឬ​ផៃ្ទ​ដី​គោក​គគីរ​ សព្វ​ថៃ្ង​ហៅ​ថា​ អតីត​រាជធានី​កោះកេរិ៍្ដ​ ​មាន​ទំហំ​ផ្ទៃ​ដី​១​៦​X​១៦​គីឡូ​ម៉ែត្រ​។ ​ប្រាសាទ​នេះ​មាន​រូបរាង​ជា​ពីរ៉ាមីត​ ​មាន​​ចំនួន​ ៧​ជាន់​ ​និង​ ​មាន​កំពស់​ ​៣៥​ម៉ែត្រ​ លក្ខណៈ​ពិសេស​របស់​ប្រាសាទ​កោះកេរ​ ​គឺ​មាន​ប្រាសាទ​ពីរ៉ាមីត​ ដែល​ជា​ប្រាសាទ​ល្អ​ឯក​មួយ​ក្នុង​ប្រទេស​កម្ពុជា​។​ ​បន្ថែម​ពី​នោះ​ ចម្លាក់​នៅ​ក្នុង​ប្រាសាទ​កោះកេរ​គឺ​ជា​ចម្លាក់​ទោល​ មិន​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​ដូច​នៅ​ប្រាសាទ​អង្គរវត្ត​ឡើយ​ ហើយ​ចម្លាក់​មាន​លក្ខណៈ​ធំ​ៗ​ជាង​នៅ​ប្រាសាទ​អង្គរ​។

​នៅ​តំបន់​កោះកេរ្តិ៍​ក្នុង​មាន​ផ្ទៃ​ដី​ចំនួន​៩​គីឡូ​ម៉ែត្រ​៤​ជ្រុង​ សព្វ​ថ្ងៃ​នូវ​ប្រាសាទ​ប្រមាណ​១០០​ប្រាសាទ​ ​ដែល​កសាង​ឡើង​តាំង​ពី​សម័យ​បុរាណ​ ទុក​សំរាប់​ជា​ការ​គោរព​បូជា​តាម​លទ្ធិ​ព្រហ្មញ្ញ​សាសនា​។​ ​កោះកេរ្តិ៍ ​ឬ​ឆោក​គគ៌្យរ​ ​គឺ​ជា​អតីត​រាជធានី​ចាស់​បុរាណ​របស់​ខ្មែរ​ ​មាន​អាយុ​ប្រមាណ​ជាង​​១០០០ឆ្នាំ​មក​ហើយ​។​ ​ឆោកគគ៌្យរ​ ​ជា​ពាក្យ​ខ្មែរ​បុរាណ​ បើ​និយាយ​តាម​សព្វ​ថ្ងៃ​ ​គឺ​បឹង​គគីរ​ ​ឬ​ស្រះ​គគីរ​។​ ពាក្យ​ឆោក​គគ៌្យរ​នេះ​ហើយ​ដែល​ក្លាយ​មក​​ជា​ពាក្យ​ ​កោះកេរ្តិ៍​។ ​នៅ​ជុំវិញ​ក្រុម​ប្រាសាទ​កោះកេរ្តិ៍ ​មាន​ប្រាសាទ​ធំ​ ហៅ​ថា​ប្រាសាទ​កោះកេរ្ដិ៍​ ​ដែល​ស្ថិត​ក្នុង​កំពែង​រាង​បួន​ជ្រុង​ទ្រវែង​ ដែល​មាន​ប្រាសាទ​ ​អគារ​តូច​ ​ធំ​ជា​ច្រើន​ ព្រម​ទាំង​ប្រាសាទ​ឧបសម្ព័ន្ធ​ដទៃ​ៗ​ឯ​ទៀត​ជា​ច្រើន​ផង​ដែរ​។​

សូម​ជម្រាប​ជូន​​ថា​​ ក្រុម​ប្រាសាទ​កោះកេរ​ ​មាន​ទីតាំង​ស្ថិត​នៅ ​ក្នុង​ភូមិ​ស្រយ៉ង់​ជើង​ ​ឃុំ​ស្រយ៉ង់​ ​ស្រុក​គូលេន​ ​ខេត្ត​ព្រះវិហារ​។​ យើង​អាច​ធ្វើ​ដំណើ​ចេញ​ពី​ទីរួម​ខេត្ត​សៀមរាប​ កាត់​តាម​ផ្លូវ​លេខ​៦៤​ ​(​២១១​)​ ចំងាយ​៧២​គ.ម​ និង​បន្ត​ទៅ​តាម​ផ្លូវ​ខេត្ត​ចំងាយ​ ​៤៩គ.ម​ ​ពី​ទីរួម​ខេត្ត​ព្រះវិហារ​៕

Share.