ក្រុងព្រះសីហនុ៖ ប្រជាពលរដ្ឋបានរាយការណ៍ថា មានករណីចោរគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ នៅទឹកដី ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ០៩ជាងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុចន្លោះក្រោមម៉ោង ៩:០០ ជនរងគ្រោះបានទៅលក់ផ្លែឈើហើយបានទុកកូនស្រីរបស់គាត់ឲ្យនៅមើលផ្ទះ។ បន្ទាប់មកជនរងគ្រោះបានត្រឡប់មកពីលក់ផ្លែឈើវិញនៅវេលាម៉ោង ០៩ជាង ហើយជនរងគ្រោះបានឡើងទៅក្នុងបន្ទប់ជាន់ទី១ជាធម្មតា ប៉ុន្តែទ្វារបន្ទប់បានចាក់សោបាត់ទៅហើយ។ ជនរងគ្រោះបានស្រែកសួរកូនស្រីថា តើនរណាជាអ្នកចាក់សោរបន្ទប់ បន្ទាប់មកកូនស្រីរបស់ជនរងគ្រោះបានឆ្លើយមកវិញថា មិនបានចាក់សោរបន្ទប់នោះទេ។ 

ប្រភពដដែលបានបន្ដទៀតថា ដោយមានការសង្ស័យ ជនរងគ្រោះបានស្ទុះរត់ទៅបំបុកទ្វារទម្លុះចូលស្រាប់តែឃើញឯកសារមួយចំនួននៅក្នុងថតតុរាយប៉ាយពេញក្នុងបន្ទប់ហើយជនរងគ្រោះសង្ស័យថា មានចោរគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិគាត់ក៏បានបិទទ្វារបន្ទប់ ហើយស្រែកឆោឡោឲ្យគ្រួសារមកជួយដោយជនរងគ្រោះមិនបានកំណត់ច្បាស់នូវអត្តសញ្ញាណរបស់ជនសង្ស័យថាមានប៉ុន្មាននាក់នោះទេ។ បន្ទាប់មកក្រុមគ្រួសារគាត់បានឡើងមកដល់ជាន់ទី១ ក៏បានបើកទ្វារបន្ទប់ចូលមើល ប៉ុន្តែមិនបានឃើញជនសង្ស័យនោះទេ ហើយជនរងគ្រោះបានសន្និដ្ឋានថា ជនសង្ស័យបានរត់គេចខ្លួនបាត់ទៅហើយ។ ភ្លាមៗជនរងគ្រោះបានទាក់ទងទៅសមត្ថកិច្ចប៉ុស្តិ៍សង្កាត់លេខ៤ ឲ្យចុះជួយអន្តរាគមន៍ក្នុងករណីខាងលើ។

ប្រភពពីជនរងគ្រោះ បានប្រាប់អ្នកសារព័ត៌មានថា ទ្រព្យសម្បត្តិដែលជនរងគ្រោះបានបាត់បង់មានដូចជា

  • មាសចំនួន ២០ តម្លឹង
  • ប្លាទីនចំនួន ៦ តម្លឹង
  • លុយបាតចំនួន ២ម៉ឺនបាត
  • លុយខ្មែរចំនួន ២០លាន
  • ខ្សែកពេជ្រចំនួន ១
  • ចិញ្ជៀនពេជ្រ ២ វង្ស
  • ក្រវិលពេជ្រ ១គូ
  • លុយដុល្លារ ៥.០០០ ដុល្លារ

ក្រោយកើតហេតុ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននឹងកំពុងបើកប្រតិបត្តិការស្វែងរកជនសង្ស័យខាងលើមកផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទ៖ ភ្នាក់ងារខេត្តព្រះសីហនុ

Share.