បាត់ដំបង÷ ជនមានសតិមិនគ្រប់ម្នាក់ រួចពីការបង្ខាំងបីឆ្នាំរបស់ឪពុកម្តាយ សង្ស័យមួម៉ៅខ្លាំងទាញពូថៅកាប់ទៅលើមេភូមិជាច្រើនពូថៅបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅវេលាម៉ោងជិតថ្ងៃត្រង់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមទី៩ ក្នុងភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃកើតហេតុជនបង្ក ក្រោយបានក្រុមគ្រួសារ បង្ខាំងដោយដាក់ច្រវាក់ជាប់នៅនឹងផ្ទះរយ:ពេល៣ឆ្នាំ ហើយបានរួចពីច្រវាក់ រំពេចនោះក៏បានធ្វើសកម្មភាពយកពូថៅកាប់ផ្ទួនៗជាច្រើនពូថៅត្រង់ភ្នែកស្ដាំ ត្រចៀក ឆ្អឹងជំនី ទៅលើជនរងដែលជាមេភូមិ បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះប្រាក់ សុខណា ភេទប្រុស អាយុ៣៦ ឆ្នាំ (វិបល្លាសស្មារតី) មានទីលំនៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះមានឈ្មោះ កង ស៊ីណាត់ ភេទប្រុស អាយុ ៥៨ឆ្នាំ ជាមេភូមិ នៅភូមិឃុំ-កើតហេតុខាងលើ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.