យ៉ាងហោចណាស់មានជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនខណៈដែលបក្ខពួករបស់ជនសង្ស័យម្នាក់ទៀតគេចខ្លួនបាត់ករណីលួចស្បែកជើងនៅរោងចក្រផលិតទ្រនាប់ជើង ឈី ហេងស៊ីង ស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ការចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីឈ្មោះ អ៊ុក ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមាន៖១.ឈ្មោះ ង៉ុយ ស៊ីណាត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ  មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។

២.ឈ្មោះ សាង ខូច ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។៣.ឈ្មោះ សួន សុភា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិចុងកោះថ្មី ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល (គេចខ្លួន)។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចយើងថាកន្លងមកនៅក្នុងក្រុមហ៊ុនផលិតទ្រនាប់ជើង ឈីហេង ស៊ីង បានបាត់ទ្រនាប់ជើងចំនួន ៤៥០គូ តែមិនដែលចាប់បានជនសង្ស័យម្តងណាទេ។ រហូតដល់ថ្ងៃទី២២.០៩.២០២៣ វេលាម៉ោង ២០:០០នាទី ស្រាប់តែមានជនសង្ស័យចំនួន ០៣នាក់ខាងលើ បានធ្វើសកម្មភាពផ្លោះរបងចូលក្នុងរោងចក្របំណងលួចទ្រនាប់ជើង ពេលនោះសន្តិសុខរោងចក្រ ឃើញក៏បានរាយការណ៍តាមរយៈទូរស័ព្ទប្រាប់ទៅជនរងគ្រោះ ភ្លាមនោះជនសង្ស័យក៏នាំគ្នាផ្លោះរបងចេញពីក្នុងរោចក្រគេចខ្លួនអស់។ ក្រោយមកជនរងគ្រោះបានមកដល់ហើយឆែកកាមេរ៉ាសុវត្ថិភាពមើល ក៏បានស្គាល់ជនសង្ស័យទាំង ០៣នាក់ ក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ ។ រហូតដល់ថ្ងៃទី២៥ កញ្ញា ឆ្នាំ ២០២៣ សមត្ថកិច្ច ក៏ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ហើយជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់តែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០២នាក់ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគេទាំង ០២នាក់ ពិតជាបានធ្វើសកម្មភាពលួចទ្រនាប់ជើងរបស់ជនរងគ្រោះ បានចំនួន៥០គូ យកទៅលក់ឲ្យគេបានប្រាក់ចំនួន ៤០០ ដុល្លារ ប្រាកដមែន។

ក្រោយមកជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.