អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមាន កាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

ដើម្បីផ្តល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើ អចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយរួចផុតពីទណ្ឌកម្មរដ្ឋបាលដោយសារការប្រកាសបង់ពន្ធយឺតយ៉ាវ។

អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូនដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ច ចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនិងប្រកាសបង់ប្រាក់ពន្ធនៅឡើយ សូមអញ្ជើញទៅចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។

ចំពោះម្ចាស់ អចលនទ្រព្យ ដែលបានចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ និងមានប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ មេត្តាអញ្ជើញមកប្រកាសបង់ប្រាក់ពន្ធឱ្យ បានទាន់ពេលវេលាត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ ឬ អាចបង់ប្រាក់ពន្ធតាម Online តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store ឬនៅគ្រប់សាខាធនាគារ អេស៊ីលីដា ភីអិលស៊ី ឬធនាគារ កាណាឌីយ៉ា ក.អ ឬធនាគារ វឌ្ឍនៈ ឬធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី ឬធនាគារ ស្ថាបនា ភីអិលស៊ី ឬធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក ឬធនាគារ ប្រៃសណយ៍ កម្ពុជា ក.អ ឬធនាគារ វឌ្ឍនៈអាស៊ីចំកាត់ ឬធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមក GDT Call Center (១២៧៧) ឬ GDT Live Chat រៀងរាល់ថ្ងៃនិងម៉ោងធ្វើការ។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យ ទាំងអស់ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើជាពុំខាន។

Share.