មនុស្ស ១១នាក់នៅខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ កាលពីថ្ងៃចន្ទ ពីបទជួញដូរមនុស្សរាប់រយនាក់ឱ្យមកធ្វើការនៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នាថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

លោក Vuong Van Thanh អាយុ ៣៦ឆ្នាំ ត្រូវបានតុលាការប្រជាជនខេត្ត Dong Nai កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំកន្លះ ពីបទជួញដូរមនុស្ស រីឯមនុស្ស ១០នាក់ផ្សេងទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី ៣ឆ្នាំកន្លះ ទៅ ៨ឆ្នាំ ក្នុងនាមជាអ្នកសមគំនិតជាមួយលោក Thanh ឬពីបទរៀបចំការធ្វើចំណាកស្រុកខុសច្បាប់។

ចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ២០២២ លោក Thanh និងអ្នកសមគំនិត ៣នាក់បានប្រើគណនីអនឡាញដើម្បីជ្រើសរើសកម្មករ ដោយសន្យាថា ពួកគេទទួលបានប្រាក់ចំណូលខ្ពស់ ដើម្បីទាក់ទាញពួកគេឱ្យមកធ្វើការនៅប្រទេសកម្ពុជា។ សម្រាប់​អ្នក​ដែល​បញ្ជូនមនុស្ស​មក​កម្ពុជា​ ម្នាក់ៗ នឹង​ទទួល​បាន ៦០០ដុល្លារ​ជា​ការ​ទូទាត់ ពីលោក Thanh។

បន្ទាប់មកក្រុមនេះ បានបញ្ជូនពលករទៅក្រុមហ៊ុនជាច្រើនដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា និងគ្រប់គ្រងដោយជនជាតិចិន ដូច្នេះពួកគេអាចត្រូវបានគេកេងប្រវ័ញ្ច។

ប្រសិនបើពលករទាំងនោះ ចង់ត្រឡប់មកប្រទេសវៀតណាមវិញ គ្រួសាររបស់ពួកគេនឹងត្រូវបង់ថ្លៃលោះខ្លួន ដល់ក្រុមនៅក្នុងប្រទេសកម្ពុជា ចាប់ពី ៦១-១៣០លានដុង (២,៥០០-៥,០០ដុល្លារអាមេរិក) ក្នុងមនុស្សម្នាក់ៗ។

យ៉ាងណាម៉ិញ ក្រុម​ជួញ​ដូរ​មនុស្ស​ត្រូវ​បាន​ចាប់​ខ្លួនជាបន្ដបន្ទាប់ ​ដោយ​សារ​ការ​អំពាវនាវ​សុំ​ជំនួយ​ពី​ជន​រងគ្រោះ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​មុន។

យោងតាមអាជ្ញាធរបានឱ្យដឹងថា ប្រទេសវៀតណាម ដែលមានព្រំដែនវែងឆ្ងាយ ហើយមានច្រកចេញចូល និងផ្លូវច្រើន ធ្វើឱ្យស្មុគស្មាញដល់ការទប់ស្កាត់ការជួញដូរមនុស្ស ដោយមានការសហការពីកងកម្លាំងទាំងក្នុង និងក្រៅប្រទេស។

សូមជម្រាបថា បើយោងតាមគណៈកម្មាធិការតុលាការនៃរដ្ឋសភា បានឱ្យដឹងថា ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ អាជ្ញាធរបានជួយសង្គ្រោះជនរងគ្រោះពីការជួញដូរមនុស្សជាង ៣៥០នាក់ និងទទួលបានជនរងគ្រោះចំនួន ៥៤៥នាក់ វិលត្រឡប់មកស្រុកកំណើតវិញ៕

ប្រភព៖ VN Express

Share.