​ទេសចរណ៍​៖​ រដូវ​កាល​ភ្ជុំ​បិណ្ឌ​ ​ក្រៅ​ពី​ទៅ​ធ្វើ​បុណ្យ​ដាក់​បាត​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​ហើយ​នោះ​ ​ប្រាកដ​ណាស់​ចេញ​ពី​វត្ត​វិញ រមែង​តែ​ង​​បបួល​គ្នា​ជួប​ជុំ​គ្រួសារ​ញ៉ាំ​អាហារ​ ក៏​ដូច​ជា​ថត​រូប​លេង​កម្សាន្ត​ទុក​ជា​អនុស្សាវរីយ៍​ ដូច្នេះ​ត្រយង​សូម​ណែ​នាំ​ទីតាំង​ស្អាតៗ ​ប្រាសាទ​បុរាណ​ប៉ុន្មាន​កន្លែង​នេះ​៖

​១. ​ប្រាសាទ​បាខែង​៖ ប្រាសាទ​បាខែង​ទីតាំង​ល្អ​បំផុត​សម្រាប់​ទស្សនា​ថ្ងៃ​ហៀប​អស្តង្គត​។ ប្រាសាទ​ដែល​សង់​លើ​កំពូល​ភ្នំ​នេះ​ បាន​កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​៩ និង​ដើម​សតវត្សរ៍​ទី​១០ នៅ​ក្នុង​រជ្ជកាល​របស់​ព្រះ​បាទ​យសោវរ្ម័ន​ទី​១ ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​។ ក្រៅ​អាច​ផ្ដិត​យក​ទេសភាព​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​នៃ​ដួង​ព្រះ​អាទិត្យ​ដ៏​ធំ​លិច​បាត់​នៅ​ឯជើង​មេឃ​ហើយ​នោះ​ អ្នក​ទេសចរណ៍​ក៏​មើល​ឃើញ​កំពូល​ប្រាសាទ​អង្គ​វត្ត​ និង​ទេសភាព​វាល​ស្រែ​ក្បែរៗ​នោះ​ផង​ដែរ​។​​

២. ​ប្រាសាទ​បាពួន​៖​ ​តំណាង​ឱ្យ​ភ្នំ​សុមេរុ​ ​បែរ​មុខ​​ទៅ​ទិស​ខាង​កើត​ ​តំណាង​ឱ្យ​សិរី​សួស្ដី​ ជា​ស្ថាបត្យកម្ម​ដ៏​ល្អ​ មាន​ស្ពាន​មួយ​ប្រវែង​ ២០០​ម៉ែត្រ​ ទទឹង​ប្រវែង​​ ២.៥ ​ម៉ែត្រ ទ្រ​ដោយ​សសរ​ចំនួន​ ៥៤៧​ដើម​ ​តម្រៀប​គ្នា​ជា​ជួរ​យ៉ាង​ស្មើ​គ្នា​។ ​ប្រាសាទ​បាពួន​ ឬ​បាភួន​ ​ជា​សំណង់​សង់​ដោយ​ថ្ម​ភក់​ ស្រោប​ពី​ខាងក្រៅ​ ចំណែក​ពំនូត​ដី​ ​និង​ថ្ម​បាយ​ក្រោម​ត្រូវ​បាន​សង់​ជា​ខឿន​ស្ថិត​នៅ​ខាង​ក្នុង​។ ​រដូវ​ភ្ជុំ​​ចំ​ខែ​វស្សា​ទៀត​ ​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​ទស្សនា​ប្រាកដ​ជា​បាន​គយ​គន់​ទេស​ភាព​បៃតង​ខៀវខ្ចី​ស្រងាត់​។ ​ដូច្នេះ​បងប្អូន​ដែល​ស្រលាញ់​និង​ចង់​បាន​រូប​ថត​ជាមួយ​នឹង​ទេសភាព​កុំ​ភ្លេច​កត់​បាពួន​ដាក់​ក្នុង​បញ្ជី​ដើរ​កម្សាន្ត​សម្រាប់​រដូវ​ភ្ជុំ​។​​​​​​​​

៣. ប្រាសាទ​នាគ​ព័ន្ធ​៖ ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​ចូលចិត្ត​គយគន់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ អម​ដោយ​ទិដ្ឋភាព​ថ្ងៃ​លិច​ ច្បាស់​ជា​ជ្រើសរើស​យក​ទីតាំង​ប្រាសាទ​នាគ​ព័ន្ធ​ ព្រោះ​ស្ថិត​នៅ​ក្នុង​តំបន់​វង់​ធំ​ ដែល​នៅ​ជុំវិញ​នោះ​សម្បូរ​ទៅ​ដោយ​ទឹក​ និង​ស្រឡះ​ល្អ​ងាយ​ស្រួល​ថត​រូប​ទេសភាព​បាន​យ៉ាង​ងាយ​ស្រួល​។​​​

នេះ​គ្រាន់​តែ​ជា​ទីតាំង​ខ្លះ​ៗ​ដែល​សារព័ត៌មាន​លើក​យក​មក​ជម្រាប​ជូន​ទុក​ជា​គំនិត​ប៉ុណ្ណោះ​ ​ប៉ុន្តែ​បើ​មាន​ឱកាស​សំរាក​ហើយ​ទៅ​លេង​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ខេត្ត​សៀមរាប​ នៅ​មាន​តំបន់​រមណីយដ្ឋាន​ស្អាត​​ កន្លែង​កម្សាន្ត និង​ប្រាសាទ​បុរាណ​ជា​ច្រើន​កន្លែង​​ទៀត​ដែល​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ និង​អន្តរជាតិ​អាច​ទៅ​ទស្សនា​កម្សាន្ត​ ​ហើយ​ផ្ដិត​យក​ទេសភាព​ស្អាតៗ​​ទុក​ជា​អនុស្សាវរីយ៍​បាន៕​​​​​​​​

Share.