ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវបើកទ្វារពហុកីឡាដ្ឋានជាតិ (ស្តាតអូឡាំពិក) ទទួលក្រុម Shan United របស់មីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៧:០០នាទីយប់ វគ្គជម្រុះ​ពូល F នៃ​ពាន​រង្វាន់ AFC Cup 2023/24។

នៅសន្និសីទសារព័ត៌មានមុនការប្រកួត គ្រូបង្វឹកភ្នំពេញក្រោន លោក Oleg Starynskyi បានថ្លែងថា៖«យើងចង់ទទួលបានលទ្ធផលវិជ្ជមានសម្រាប់ការប្រកួតដំបូងនៅក្នុងដី។ ខ្ញុំសង្ឃឹមថានឹងបានឃើញអ្នកគាំទ្រមកគាំទ្រយើងក្នុងនាមជាក្រុមតំណាងកម្ពុជា»។

លោក Oleg បន្តទៀតថា៖‍«យើងបានមើលការប្រកួតរបស់ពួកគេក្នុងលីគ ហើយយើងដឹងថាពួកគេគឺជាក្រុមដែលមានការរៀបចំល្អមែនទែន។ ពួកគេមានកីឡាករជម្រើសជាតិដែលល្អៗច្រើនផងដែរ។ ពួកគេមានកីឡាករលឿនៗ ដែលចាំបាច់យើងត្រូវការប្រយ័ត្នចំពោះពួកគេ ។ ពួកគេគឺជាក្រុមដែលគ្រប់គ្រងលីគរបស់គេ ពួកគេឈ្នះពានច្រើនណាស់ ។ ដូច្នេះយើងមិនអាចផ្តល់ឱកាសឲ្យពួកគេនៅក្បែរប្រអប់ទីនោះទេ ប៉ុន្តែយើងត្រូវតែបង្កើតឱកាសដើម្បីធ្វើឲ្យបានល្អជាងគេ។

គ្រូបង្វឹកក្រោន បន្ថែម៖«គោលដៅចម្បងរបស់យើងគឺឡើងទៅវគ្គបន្ត យើងត្រូវតែឈ្នះដើម្បីរក្សាស្ថេរភាព និងទទួលបាន ៣ពិន្ទុ ក្នុងការប្រកួតលើកដំបូងក្នុងដី»។

គួរដឹងថាប្រកួតទី១ ក្លិបបាល់ទាត់ភ្នំពេញក្រោន បាន​យក​ឈ្នះក្រុម Dynamic Herb Cebu របស់ហ្វីលីពីន ក្នុង​លទ្ធផល ៣-០ កាលពីរាត្រី​ថ្ងៃ​ទី២១ ខែកញ្ញា នៅកីឡដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន។

តារាងចំណាត់ថ្នាក់ពូល F៖

  1. Macarthur​ FC របស់អូស្ត្រាលី ឈ្នះ១ មាន៣ពិន្ទុ
  2. ភ្នំពេញក្រោន ឈ្នះ១ មាន៣ពិន្ទុ
  3. Dynamic Herb Cebu របស់ហ្វីលីពីន ចាញ់១ សូន្យពិន្ទុ
  4. Shan United របស់មីយ៉ាន់ម៉ា ចាញ់១ សូន្យពិន្ទុ។

ក្នុង​ពាន​រង្វាន់​ AFC Cup 2023/24 ក្លិប​បាល់​ទាត់​ភ្នំពេញក្រោន របស់កម្ពុជា ស្ថិតពូលជា F ជា​មួយ​ក្រុម Macarthur​ FC របស់ អូស្ត្រាលី Dynamic Herb Cebu របស់ហ្វីលីពីន និង Shan United របស់​មីយ៉ាន់ម៉ា វគ្គចែកពូល AFC Cup 2023/24 តំបន់អាស៊ាន៕

Share.