ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវបើកទ្វារពហុកីឡាដ្ឋានជាតិ (ស្តាតអូឡាំពិក) ទទួលក្រុម Shan United របស់មីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៧:០០នាទីយប់ វគ្គជម្រុះ​ពូល F នៃ​ពាន​រង្វាន់ AFC Cup 2023/24។

ស្របពេលដែលខ្សែការពារភ្នំពេញក្រោន កីឡាករ Soe Moe Kyaw ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតដូច្នេះថា៖‍«សម្រាប់ខ្ញុំគិតថាកីឡាករលេខ១០ និងលេខ២៩ របស់ Shan United ពួកគេគ្រោះថ្នាក់ ប៉ុន្តែខ្ញុំគិតថាវាមិនពិបាកពេកនោះទេ»។

កីឡាករលេខ១០ របស់ Shan United សមាជិកលីគកំពូលមីយ៉ាន់ម៉ា ឈ្មោះថា Myat Kaung Khant លេងតំណែងជាខ្សែបម្រើ ស្របពេលកីឡាករលេខ២៩ របស់ Shan United ឈ្មោះថា Ye Yint Aung ជាខ្សែប្រយុទ្ធកណ្តាល។

គួរដឹងថាប្រកួតទី១ ក្លិបបាល់ទាត់ភ្នំពេញក្រោន បាន​យក​ឈ្នះក្រុម Dynamic Herb Cebu របស់ហ្វីលីពីន ក្នុង​លទ្ធផល ៣-០ កាលពីរាត្រី​ថ្ងៃ​ទី២១ ខែកញ្ញា នៅកីឡដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន។

តារាងចំណាត់ថ្នាក់ពូល F៖

  1. Macarthur​ FC របស់អូស្ត្រាលី ឈ្នះ១ មាន៣ពិន្ទុ
  2. ភ្នំពេញក្រោន ឈ្នះ១ មាន៣ពិន្ទុ
  3. Dynamic Herb Cebu របស់ហ្វីលីពីន ចាញ់១ សូន្យពិន្ទុ
  4. Shan United របស់មីយ៉ាន់ម៉ា ចាញ់១ សូន្យពិន្ទុ។

ក្នុង​ពាន​រង្វាន់​ AFC Cup 2023/24 ក្លិប​បាល់​ទាត់​ភ្នំពេញក្រោន របស់កម្ពុជា ស្ថិតពូលជា F ជា​មួយ​ក្រុម Macarthur​ FC របស់ អូស្ត្រាលី Dynamic Herb Cebu របស់ហ្វីលីពីន និង Shan United របស់​មីយ៉ាន់ម៉ា វគ្គចែកពូល AFC Cup 2023/24 តំបន់អាស៊ាន៕

Share.