សិល្បៈ​ជាតិ​​៖ ជា​ការ​ពិត​ណាស់​ដែល​ករណី​ថត​រូបភាព​ ​និង​ ​រូប​វីដេអូ​នៅ​តំបន់​ប្រាសាទ​អង្គរវត្ត​ បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​ ​និង​ជា​សាច់​រឿង​សំខាន់​ដែល​សាធារណជន​ ​ផ្ដោត​ការ​ចាប់​អារម្មណ៍​ជា​ពិសេស​ ព្រោះ​តែ​ហេតុ​នេះ​ទើប​ធ្វើ​ឱ្យ​រាល់​ករណី​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​រមែង​ត្រូវ​បាន​លើក​មក​ជជែក​វែកញែក​យ៉ាង​សម្បើម​ ឧទាហរណ៍​ដូច​ជា​ថ្មី​ៗ​នេះ​ក្រុម​ចម្រៀង​ក្មេង​ខ្មែរ​ ​ក៏​បាន​ចេញ​មក​ដង្ហោយ​រក​ជំនួយ​ ឱ្យ​ជួយ​អន្តរាគមន៍​ក្រុម​ខ្លួន​លើ​ករណី​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​នៅ​តែ​ត្រូវ​បាន​ហាម​ឃាត់​ ​មិន​ឱ្យ​ថត​ ​MV​ ​នៅ​ប្រាសាទ​ ​បឹងមាលា​។​ យ៉ាងណា​មិញ​ងាក​មក​ចាប់​អារម្មណ៍​ អ្នកនាង គង់ ចាន់ស្រីមុំ ​នៅ​ថ្ងៃ​ទី​៧​ ​ខែ​តុលា​ ​ឆ្នាំ​២០២៣​ អ្នក​ម្ដាយ​កូន​មួយ​ ​(​ម៉ាក់​ៗ​របស់​ម៉ូម៉ូ​)​ ​តារា​ស្រី​ ​ពូកែ​តុបតែង​ខ្លួន​បែប​ហ្វេសសិន​មិន​ច្រំ​ដែល​ ទើប​តែ​បញ្ចេញ​អាល់ប៊ុម​រូបភាព​ប្រមាណ​២១​សន្លឹក​ ​ក្នុង​កាយវិការ​ប្លែក​ៗ​ ​និង​ផ្សេង​ៗ​គ្នា​ ​នៅ​គ្រប់​ជ្រុង​នៃ​ប្រាសាទ​ ​បឹងមាលា​ រហូត​ទទួល​បាន​នូវ​ការ​គាំទ្រ​ចុច ​Like ​និង​ ​Share ​នៅ​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​។​

អ្នក​តាមដាន​ជីវិត​របស់​តារា​ស្រី​រូប​នេះ​បាន​ដឹង​ហើយ​ថា​អ្នក​នាង​ និង​ស្វាមី​ គឹម សីហា ព្រម​ទាំង​កូន​ស្រី​បណ្ដូល​ចិត្ត​ ម៉ូម៉ូ បាន​ទៅ​ដើរ​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​ មុន​នឹង​បញ្ចេញ​រូប​ភាព​ជា​ច្រើន​សន្លឹក​នៅ​ប្រាសាទ​បឹងមាលា​តារា​រូប​នេះ​បាន​បង្ហោះ​រូប​ភាព​ដើរ​កម្សាន្ត​នៅ​ Pub street ព្រម​ទាំង​និយាយ​ថា​ខ្លួន​ទៅ​នឹង​ទៅ​ដល់​ខេត្ត​សៀមរាប​ ស្អែកបើ​សិន​ជា​បាន​ជួប​ខ្លួន​នៅ​កន្លែងណា​មួយ​ក្នុង​ខេត្ត​សៀមរាប​សូម​ឱ្យ​អ្នក​គាំទ្រ​ហៅ​ខ្លួន​ផង​។ មែនទែន​ទៅ​រូបភាព​ជា​ច្រើន​សន្លឹក​ដ៏​ស្រស់ស្អាត​នេះ ​បាន​ធ្វើ​ឱ្យ​មហាជន​បាន​ចូលមក​លើក​សរសើរ​ពី​សម្រស់​ប្រាសាទ​ក៏​ដូច​ជា​សម្រស់​ របស់​តារា​សម្ដែង​កម្ពុជា​រូប​នេះ​មិន​ដាច់​ពី​មាត់​ ដោយ​មាន​អ្នក​ខ្លះ​ទៀត​បាន​ស្នើ​ឱ្យ​តារា​រូប​នេះ​ទៅ​ថត​រូប​ឬ​ទៅ​កម្សាន្ត​នៅ​ប្រាសាទ​កោះកេរ​ ​ដែល​ទើប​នឹង​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ ​ពិភពលោក​ផង​ដែរ​។​

ការ​បង្ហាញ​រូបភាព​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​ប្រាសាទ​ ​បឹងមាលា ​ដោយ​សិល្បការិនី​ល្បី​នេះ​ ត្រូវ​បាន​គេ​សម្លឹង​ឃើញ​ថា​ជា​ផល​វិជ្ជមាន​ ព្រម​ទាំង​ជះ​ឥទ្ធិពល​ខ្លាំង​មួយ​ក្នុង​ចំណែក​ចូលរួម​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​បែប​ប្រវត្តិ​សាស្ត្រ​ ​ជួយ​ភ្ញោច​ឱ្យ​សាធារណជន​ងាក​មក​ចាប់​អារម្មណ៍​ដើរ​កម្សាន្ត​ក្នុង​ស្រុក​ ដើម្បី​ជំរុញ​កំនើន​សេដ្ឋកិច្ច​ ​ក៏​ដូច​ជា​ជួយ​ដល់​ជីវភាព​បងប្អូន​ប្រជាជន​ដែល​កំពុង​បម្រើ​សេវាកម្ម​ក្នុង​វិស័យ​នេះ​ ជា​ជាង​ហោះ​ទៅ​ដើរ​លេង​ ​ឬ​ចាយ​ប្រាក់​ទេសចរណ៍​ស្រុក​គេ​។​

អ្នកនាង​ ​គង់​ ​ចាន់​ស្រី​មុំ ​គឺ​ជា​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​ ​និង​ជា​ពិធីការនី​ដ៏​លេចធ្លោ​នៃ​កម្មវិធី​ 3FUN ​ដោយ​ចាប់ដៃ​គូ​ជាមួយ​លោក​ អៀ វិឆ័យ​ ​និង​កញ្ញា​ ផេនខេក​ ផង​ដែរ​៕

Share.