សិល្បៈជាតិ៖ ថ្មីៗ​នេះ​ផលិតកម្ម​ វ័នឌើរហ្វីម​ អេនធើធេនម៉ីន​ និង​ផលិតកម្ម​ អឺរ៉ាយ ​ភីកឈ័រ​ ដែល​ជា​ផលិតកម្មផលិតភាពយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ចាប់​ដៃគូ​​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​ Tham​ Studio​ 19​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ និង​ចែកចាយ​ភាពយន្ត​នៅ​ឯ​ប្រទេស​ថៃ​។​

ការ​ចុះ​កិច្ច​សហប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​ ៦​ តុលា​ កន្លង​មក​​ក៏​បាន​សម្រេច​នូវ​សមិទ្ធផល​នាំ​យក​ខ្សែ​ភាពយន្ត​ខ្មែរ​របស់​ផលិតកម្ម​ វ័នឌើរហ្វីម​ អេនធើធេនម៉ីន​ រឿង​ កំណើតអរូប​ ជា​ប្រភេទ​ភាពយន្ត​រន្ធត់​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​ប្រជាជន​កម្ពុជា​ ហើយ​គ្រោង​និង​បង្ហាញ​ខ្លួន​នៅ​ប្រទេស​ឡាវ​ នៅ​ថ្ងៃទី​១៩​ ខែតុលា​ នឹង​នៅ​ប្រទេស​ថៃ​ នៅ​ថ្ងៃទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​ផង​ដែរ​។

ជាមួយគ្នា​នេះ​ដែរ​ ផលិតកម្ម​ វ័នឌើរហ្វីម ​អេនធើធេនម៉ីន​ ក៏​មាន​ខ្សែភាពយន្ត​មួយ​ទៀត​ គឺ​រឿង​ កុំ​ដេក​ គ្រោង​និង​ចាក់​បញ្ចាំង​នៅ​ដើម​ឆ្នាំ​២០២៤​។ សម្រាប់​ការ​ចាប់​ដៃគូ​គ្នា​នេះ​ ក្រុមហ៊ុន​ទាំង​ខ្មែរ-ថៃ​និង​បន្ត​សហការ​គ្នា​ឱ្យ​កាន់​តែ​ខ្លាំង​ក្នុង​ការ​ចែកចាយ​ភាពយន្ត​ខ្មែរ​ឱ្យ​បាន​កាន់​តែ​ទូលំទូលាយ​ និង​អភិវឌ្ឍន៍​គម្រោង​ផលិត​ភាពយន្ត​រួមគ្នា​នា​ពេល​អនាគត​បន្ត​ទៅ​មុខ​ទៀត​។

នេះចាត់ទុកជាជំហ៊ានថ្មីមួយទៀតរបស់ផលិតកម្ម វ័នឌើរហ្វីម អេនធើធេនម៉ីន និងផលិតកម្ម អឺរ៉ាយ ភីកឈ័រ ដែលប្រកាន់ខ្ជាប់ទស្សនៈ និងចក្ខុវិស័យរបស់ខ្លួន ក្នុងការនាំយកភាពយន្តខ្មែរឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាការនាំយកនូវភាពទំនើបនៃភាពយន្តពីអន្តរជាតិមកជួយជំរុញឧស្សហកម្មភាពយន្តខ្មែរឱ្យកាន់តែរីកចម្រើនទៅមុខ។ ហេតុដូច្នេះហើយ ទើបច្រើនឆ្នាំមកនេះ វ័នឌើរហ្វីម នៅក្រាញ់នរនាលក្នុងវិស័យភាពយន្តខ្មែរ ទោះអំឡុងពេលដ៏ពិបាកនៃការត្បាតជំងឺកូវីដ១៩នៅលើសកលលោក រួមទាំងកម្ពុជា ក៏ វ័នឌើរហ្វីម នៅតែរិះរកគ្រប់មធ្យោបាយដើម្បីផលិតភាពយន្តឱ្យមានគុណភាព ត្រៀមវាយលុកចូលទីផ្សារអន្តរជាតិ ដូចអ្វីដែលកំពុងធ្វើនៅពេលនេះ៕

Share.