ក្រុមជម្រើសជាតិកម្ពុជា នឹង​ប្រកួតទល់ក្រុមម្ចាស់ផ្ទះប៉ាគីស្ថាន ក្នុងវគ្គជម្រុះជុំទី១ ជើង​ទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ប្រចាំ​ទ្វីប​អាស៊ី ដែលការប្រកួតនឹងចាប់ផ្តើមនៅវេលាម៉ោង ២:០០ រសៀល (៤:០០ នាទីល្ងាច ម៉ោងនៅកម្ពុជា) ក្នុងកីឡដ្ឋាន Jinnah Sports ស្ថិតក្នុងទីក្រុង អ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។

ស្របពេលដែលលោក Félix Dalmás គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងក្នុងកម្មវិធីសន្នីសិទសារព័ត៌មាន មុនការប្រកួតថា៖«ជាដំបូងពួកយើងសូមអរគុណដល់ប៉ាគីស្ថានដែលទទួលស្វាគមន៍យើងបានយ៉ាងល្អតាំងពីព្រលានយន្តហោះរហូតមកដល់សណ្ឋាគារ ប្រជាជននៅទីនេះពិតជារួសរាយជាមួយពួកយើង ហើយពួកយើងរីករាយដែលបានមកទីនេះ ។ ពួកយើងមើលឃើញថាប៉ាគីស្ថានជាក្រុមដែលរៀបចំបានល្អ ពួកគេបាននាំយកកីឡាករមកពីអឺរ៉ុបមួយចំនួនដើម្បីលេងតំណាងក្រុមរបស់ពួកគេ និងកីឡាករនៅក្នុងប្រទេស ប៉ុន្តែយើងក៏ត្រៀមខ្លួនហើយដូចគ្នាក្នុងការប្រយុទ្ធនៅថ្ងៃស្អែកនេះ ដើម្បីយកជ័យជម្នះជូនប្រទេសកម្ពុជា» ។

ដោយ​ឡែក​លោក Stephen Constantine គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន បាន​លើក​ឡើង​ថា៖«ពួក​យើង​ពិត​ជា​ត្រេកត្រអរ​ដែល​បាន​ធ្វើការ​ប្រកួត​នៅ​ទឹកដី​របស់​យើង ដែល​ខកខាន​ធ្វើ​នៅ​ទីនេះ​អស់​រយៈពេល​​៨​ឆ្នាំ​រួម​មកហើយ។ ខ្ញុំ​បាន​ដឹង​រួច​មក​ហើយ​ថា​កម្ពុជា ជា​ក្រុម​មួយ​ដែល​មាន​ច្បាប់​ទំលាប់​រៀបចំ​បាន​ល្អ ហើយ​ការ​ប្រកួត​នេះ​គឺ​ជា​ប្រកួត​ដែល​តានតឹង​មួយ​សម្រាប់​យើង​ និង​កម្ពុជា។ ​យើង​នឹង​ធ្វើ​ឱ្យ​បាន​សម្រេច​នូវ​លទ្ធផល​មួយ​ដែល​ល្អ»។

សូមរំលឹកថា ក្រុមគោរព្រៃកម្ពុជា បានត្រឹមស្មើគ្នាជាមួយក្រុមប៉ាគីស្ថាន ដោយលទ្ធផល ០-០ ក្នុងការប្រកួតជើងទី១ ដែលកម្ពជា ជាម្ចាស់ផ្ទះ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ក្នុងពហុកីឡដ្ឋានជាតិ(អូឡាំពិក)។

រវាង​កម្ពុជា និង​ប៉ាគីស្ថាន ប្រសិនបើក្រុមណាអាចយកឈ្នះក្នុងការប្រកួតជើងទី២នេះ គឺនឹងត្រូវឡើងទៅកាន់វគ្គបន្ត នៅជុំទី២ ដោយមានក្រុមជើងខ្លាំង អារ៉ាប៊ីសាអូឌីត, ហ្ស៊កដានី និងតាជីគីស្ថាន ដែលកំពុងតែឈររងចាំនៅក្នុងពូល G ស្រាប់៕

Share.