ក្រុមបាល់បោះរទេះនារីរបស់កម្ពុជា បានប្រកួតបើកឆាកឈ្នះលើក្រុមឡាវ ដោយលទ្ធផល ៦៥ទល់៣៥ ក្នុងព្រឹត្តិការណ៍កីឡា Asian Para Games នៅប្រទេសចិន វិញ្ញាសាបាល់បោះរទេះនារី ( Wheelchair basketball)។

វិញ្ញាសា Wheelchair basketball ត្រូវបានគណៈកម្មការរៀបចំការប្រកួត Asian Para Games ដាក់ឱ្យប្រកួតមុនគេ ស្របពេលពិធីបើកនឹងចាប់ផ្តើមផ្លូវការនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។ សម្រាប់ក្រុមបាល់បោះរទេះនារីកម្ពុជា ជាម្ចាស់មេដាយប្រាក់ក្នុងព្រឹត្តិការណ៍កីឡា Asean Para Games ក្នុងនាមជាម្ចាស់ផ្ទះកាលពីមិថុនា កន្លងទៅ។

វិញ្ញាសាបាល់បោះរទេះនារីនេះមានប្រទេសចំនួន៦ចូលរួមប្រកួត ក្នុងនោះមានចិន ជាម្ចាស់ផ្ទះ កម្ពុជា អ៊ីរ៉ង់ ជប៉ុន ឡាវ និងថៃ។ សម្រាប់កម្មវិធីប្រកួតទាំងស្រុងមាន៖
១៩ តុលា៖ ឡាវ ៣៥-៦៥ កម្ពុជា
១៩ តុលា៖ ចិន ប៉ះ ថៃ
១៩ តុលា៖ អ៊ីរ៉ង់ ប៉ះ ជប៉ុន
២០ តុលា៖ ថៃ ប៉ះ អ៊ីរ៉ង់
២០ តុលា៖ ចិន ប៉ះ ឡាវ
២០ តុលា៖ ជប៉ុន ប៉ះ កម្ពុជា
២១ តុលា៖ ថៃ ប៉ះ ជប៉ុន
២១ តុលា៖ អ៊ីរ៉ង់ ប៉ះ ឡាវ
២១ តុលា៖ កម្ពុជា ប៉ះ ចិន
អត្ថបទពាក់ព័ន្ធ៖អត្តពលិកកីឡាជនពិការកម្ពុជា ៦ប្រភេទកីឡា ចេញទៅប្រកួត Asian Para Games នៅចិន
ក្រោយការប្រកួតវិលជុំនេះទៅ ក្រុមដែលមានពិន្ទុច្រើន ឈរលេខ១ និងលេខ២ ត្រូវប៉ះគ្នាដណ្តើមមេដាយមាស នៅថ្ងៃទី២៦ តុលា ខណៈក្រុមលេខ៣និងលេខ៤ ត្រូវប៉ះគ្នាដណ្តើមមេដាយសំរឹទ្ធ នៅថ្ងៃដំណាលគ្នា។

កម្ពុជា បានបញ្ជូនអត្តពលិកចំនួន៦ ប្រភេទកីឡា ទៅប្រកួត Asian Para Games ឆ្នាំនេះរួមមាន អត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះអង្គុយ បាល់បោះជិះរទេះ និងកីឡាវាយសី។ ក្នុងចំណោម ៦ប្រភេទកីឡានេះ គឺមានកីឡាជាក្រុមចំនួន២ គឺក្រុមបាល់ទះអង្គុយ បុរស៨នាក់ និងកីឡាបាល់បោះជិះរទេះ នារី ១២នាក់ ចំណែកឯ ៤ប្រភេទកីឡាទៀត មានអត្តពលិកម្នាក់ៗដូចៗគ្នា៕
