សៀមរាប ៖ ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ ខណៈដែលជិះទូកស្មាច់ម៉ាសុីន ជាមួយឪពុក ចេញទៅរកកាប់អុស បើកទូកលឿនវ៉ាជែងទូកផ្សេងទៀត ធ្វើឱ្យរលកបោក ធ្លាក់កូនប្រុសចូលក្នុងទឹក កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅក្នុងដងស្ទឹងស្រែង ភូមិឱម៉ាល់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ខាងជើងចម្ងាយពីស្ពាន ឯកឧត្តម សៀង ណាំ ៤០០ម៉ែត្រ ។

ក្មេងរងគ្រោះឈ្មោះ សិទ្ធ សុតត្រា ភេទប្រុស អាយុ៣ឆ្នាំ រស់នៅភូមិគោកក្រូច ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ក្មេងរងគ្រោះត្រូវបានឳពុកឈ្មោះ ភឿត សិទ្ធ អាយុ៣០ឆ្នាំ នាំយកទៅជាមួយ ដោយធ្វើដំណើរតាមទូកស្មាច់ម៉ាសុីនមួយគ្រឿង ក្នុងគោលបំណងទៅរកកាប់អុស លុះបើកដល់ចំណុចខាងលើក្នុងលឿន ហើយវ៉ាជែងទូកស្មាច់ម្ខាងទៀត ធ្វើឱ្យរលកទឹក បោកឃ្លោងក្រលែង ធ្វើឱ្យកូនប្រុសធ្លាក់ទឹក លង់លិចបាត់ ។

ក្រោយពីធ្លាក់បាត់កូនប្រុសចូលក្នុងទឹកស្ទឹងស្រែង បង្កឱ្យផ្អើលឆោឡោ សមត្ថកិច្ច អាជ្ញាធរ កម្លាំងប្រជាការពារ ក្រោមការដឹកនាំផ្ទាល់ពីលោក សុខ ណារ៉េត អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ ចេញទៅជួយរាវរក រហូតដល់រសៀលថ្ងៃដដែលទើបរកឃើញសពក្មេងរងគ្រោះ។

សពក្មេងរងគ្រោះ ក្រោយពីស្រង់បាន សមត្ថកិច្ចពិនិត្យ កោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.