សិល្បៈអន្តរជាតិ៖ នៅថ្ងៃអង្គារទី៣១ ខែតុលា ឆ្នាំ២០២៣ ពោលគឺនៅសប្ដាហ៍ក្រោយ ហាឡូវីន ពិធីបុណ្យខ្មោចប្រពៃណីលោកខាងលិចជាពិសេសប្រទេសដែលកាន់សាសនាគ្រឹស្ត នឹងត្រូវប្រារព្ធឡើងដូចសព្វមួយដង។ យោងតាមប្រភពជាច្រើនបានលើកឡើងថាពិធីបុណ្យនេះមានប្រវត្តិនប្រមាណជាង២០០០ឆ្នាំ ហើយបើយោងតាមប្រភពពី History.com បានបង្ហាញថាពិធីបុណ្យឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់នេះ មានប្រភពកំណើតមកពីប្រទេសអៀរឡង់ និងប្រទេសស្កុតឡែន នៃចក្រភពអង់គ្លេស។ បុណ្យនេះច្រើនប្រារព្ធធ្វើឡើងមុន១ថ្ងៃនៃពិធីបុណ្យសាសនាគ្រឹស្តលោកខាងខាងលិច All Hallow Day ។

តើដើមកំណើតបុណ្យហាឡូវីនមានតាំងពីពេលណា និងនៅទីណា? ៖ បុណ្យខ្មោចហាឡូវីន (Halloween) បានចាក់ឫសគល់យូរលង់ណាស់មកហើយនៅសម័យបុរាណដែលប្រារព្ធធ្វើឡើងនៅរាត្រីថ្ងៃទី៣១ ខែតុលា ។ ដើមឡើយ ជនជាតិ Celts ដែលរស់នៅ២ពាន់ឆ្នាំនៅតំបន់នោះ ដោយបច្ចុប្បន្ននេះគឺជាប្រទេសអៀរឡង់ ចក្រភពអង់គ្លេស និងប្រទេសបារាំងភាគខាងជើង ពួកគេមានជំនឿថា សេចក្តីស្លាប់នឹងត្រឡប់មកកាន់ផែនដីវិញ។ ប្រភពកំណើតរបស់ពិធីបុណ្យខ្មោចហាឡូវីន គឺមកពីប្រទេសអៀរឡង់ និងប្រទេសស្កុតលែនជំនាន់បុរាណ ពោលគឺជាសម័យរបស់ព្រះយេស៊ូគ្រឹស្ត ។

ហេតុអ្វីដាក់ឈ្មោះថា Halloween? ៖ ថ្ងៃទី៣១ ខែតុលា ត្រូវគេហៅថា «ថ្ងៃបុណ្យហាឡូវីន» នៅពេលដែលគ្រឹស្តសាសនិកប្រកាសថាថ្ងៃទី១ វិច្ឆិកា គឺជាថ្ងៃបុណ្យ All Hallow Day ។ ក្រោយមកទៀតពួកគ្រឹស្តសាសនិកបានបង្កើតថ្ងៃជាមិនិត្តរូបឱ្យពួកសាវ័កបរិសុទ្ធ ខណៈពួកគេគ្មានថ្ងៃជានិមិត្តរូបទាល់តែសោះ។ ទីបំផុតពួកគេមានថ្ងៃបុណ្យផ្ទាល់ខ្លួនគឺ «ពិធីបុណ្យមុនពេលរាត្រី» ឬ «All Hallow Eve» ដែលក្រោយមកត្រូវគេហៅកាត់ៗវិញថា «Halloween» រហូតមកដល់ពេលបច្ចុប្បន្ននេះ ។ Halloween មានន័យថា hallowed evening ឬ holy evening ប្រែថា «ល្ងាចវិសុទ្ធ» ។ ដូចច្នេះហើយបានជាគេប្រារព្ធពិធីបុណ្យហាឡូវីននៅពេលល្ងាច គឺមុនពេលរាត្រីចូលមកដល់ ។

មូលហេតុអ្វីទើបពិធីបុណ្យហាឡូវីធ្វើនៅរដូវស្លឹកឈើជ្រុះ? ៖ យោងតាមអ្នកមានជំនឿចាស់បុរាណឱ្យដឹងថា វាគឺជាថ្ងៃដែលសម្គាល់រាត្រីនៃឆ្នាំ គឺជាពេលវេលាមួយដែលពិភពរបស់មនុស្សស្លាប់ និងមនុស្សរស់តភ្ជាប់គ្នា ហើយវិញ្ញាណរបស់អ្នក ដែលបាត់បង់ជីវិតក្នុងឆ្នាំកន្លងមក នឹងដើររករាងកាយរបស់មនុស្សរស់ ដើម្បីចូលសណ្ឋិតក្នុងគោលបំណងមានជីវិតរស់ម្តងទៀត។
ក្រៅពីពិធីបុណ្យខ្មោចហាឡូវីន យើងក៏សង្កេតឃើញមានពិធីបុណ្យស្រដៀងគ្នានេះច្រើនដែរដូចជា៖
– ពិធីបុណ្យ Devil’s Night ប្រែថា រាត្រីបិសាច
– ពិធីបុណ្យ Day of the Dead ប្រែថា ថ្ងៃស្លាប់ ជាដើម។
