ក្បាលគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅតាមភ្លឺមាត់ប្រឡាយ ក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ និងរាយការណ៍ប្រាប់សមត្ថកិច្ច សូមឲ្យជំនាញស៊ីម៉ាក់យកទៅរក្សាទុក ឬកម្ទេចចោល ។

ក្បាលគ្រាប់ដែលពលរដ្ឋប្រទះឃើញ ជាក្បាលគ្រាប់មិនទាន់ផ្ទុះ ប្រភេទ82mm (គ្រាប់កាំភ្លើងផ្លោង) ក្នុងសភាពចាស់ បន្សល់ទុកតាំងពីសម័យសង្គ្រាមទសវត្សរ៍ឆ្នាំ៧០ ។

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ខណៈដែលមានពលរដ្ឋ ដឹកគោយកទៅចងនៅដីវាល ក៏ប្រទះឃើញក្បាលគ្រាប់មិនទាន់ផ្ទុះនៅលើភ្លឺមាត់ប្រឡាយ ថ្វីត្បិតស្ថិតក្នុងសភាពចាស់ពិតមែន វាអាចនឹងផ្ទុះដោយប្រការណាមួយ ដែលរងប៉ះទង្គិច ប្រឈមគ្រោះថ្នាក់ ទើបរាយការណ៍ប្រាប់ អាជ្ញាធរ សមត្ថកិច្ច ដើម្បីស្នើសុំឲ្យជំនាញស៊ីម៉ាក់ យកទៅរក្សាទុក កន្លែងមានសុវត្តិភាព ឬយកទៅកម្ទេចចោល ជៀសវាង ពលរដ្ឋ មិនដឹង ទៅប៉ះពាល់ នាំបង្កគ្រោះថ្នាក់ផ្សេងៗ ។

អាជ្ញាធរ សមត្ថកិច្ច អំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ កាលបើប្រទះឃើញ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទះ ឬរបស់អ្វីដែលសង្ស័យជាគ្រាប់ផ្ទុះ សូមរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច នៅក្បែរលោកអ្នក ដើម្បីចុះពិនិត្យ និងមានវិធានការ ៕

Share.