ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានប្រកាសនៅព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០២៣នេះថា ខេត្តកំពង់ស្ពឺក្លាយជាខេត្តទី១៣របស់កម្ពុជាដែលត្រូវបានប្រកាសថា ជាខេត្តដែលគ្មានមីន។

ការប្រកាសរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅក្នុងខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍ពីអាជ្ញាធរមីន បង្ហាញថា រាជធានីខេត្តចំនួន ១២ ហើយ ដែលអស់មីន រួម ខេត្ត ស្ទឹងត្រែង កែប ព្រៃវែង រាជធានីភ្នំពេញ ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ និងខេត្តកំពត។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានចំនួន ២ ៥៧៩ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ក្នុងនោះផ្ទៃដីប្រមាណ ៧៦ភាគរយ ត្រូវបានយកប្រើប្រាស់សម្រាប់ធ្វើកសិកម្ម។ ដោយឡែក ផ្ទៃដីដែលសង្ស័យនៅមានមីននិងគ្រាប់ មានចំនួន ១ ៨៨៥ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដី ចំនួន ៥៦៣ គីឡូម៉ែត្រក្រឡា នឹងត្រូវបានគ្រោងបោសសម្អាតឱ្យអស់ត្រឹមឆ្នាំ២០២៥៕

Share.