ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​បានរំលេចលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ថា ស្ពានកោះនរា ជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយ ដែលកើតចេញពីការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត”។ រូបមន្ត“យកស្លឹកត្នោត ខ្ចប់ស្ករត្នោត”អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់ថា គឺជាប្រយុទ្ធសាស្រ្តយកថវិកាពីតំបន់អភិវឌ្ឍន៍មកអភិវឌ្ឍន៍នៅហ្នឹងកន្លែងតែម្ដង ពោលគឺយកថវិកាពីតំបន់អភិវឌ្ឍន៍ទីក្រុងកោះនរា របស់ក្រុមហ៊ុន OCIC ដើម្បីសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងតភ្ជាប់បន្តទៅផ្លូវជាតិលេខ ១ ។

ស្ពានកោះនរាធ្លាប់បានបើកឱ្យប្រើប្រាស់បណ្តុះអាសន្នកាលពីអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។រូបភាពពីទំព័រហ្វេសប៊ុកអ្នកនាំពាក្យរាជរដ្ឋាភិបាល។

អង្គភាពរាជរដ្ឋាភិបាលមួយនេះ បន្តថាស្ពាននេះនឹងរួមចំណែកក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ជាពិសេស បានកាត់បន្ថយការចំណាយ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ​ជាង២០ម៉ឺននាក់នៅប៉ែកខាងកើតនៃរាជធានីភ្នំពេញ ទឹកដីភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងស្រុកកៀនស្វាយផងដែរ។​

ទំព័រហ្វេសប៊ុកខាងលើបន្ថែមថា សមិទ្ធផលថ្មី​និងដ៏សំខាន់មួយនេះ ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ។

រូបភាពស្ពានកោះនរាពេលរាត្រី។រូបភាពពីទំព័រហ្វេសប៊ុកអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សូមបញ្ជាក់ផងដែរថា ស្ពានតភ្ជាប់រវាងទីក្រុងរណបកោះនរា ដែលស្ថិតនៅខណ្ឌច្បារអំពៅ​​ និងទីក្រុងរណបកោះពេជ្រ ស្ថិតនៅខណ្ឌចំការមន ដោយឆ្លងកាត់ទន្លេបាសាក់ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២០ ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC។ ស្ពានខ្សែកាបដ៏ថ្មីសន្លាងមួយនេះ មានប្រវែង ៨៤៤ ម៉ែត្រ និង ទទឹង២៤,៥០ ម៉ែត្រ ចែកចេញជា ៤គន្លងរថយន្ត ២គន្លងទោចក្រយានយន្ត និង ២គន្លងសម្រាប់ថ្មើរជើង ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេទាំងសងខាងផងដែរ។

ស្ពានកោះនរា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Share.