ភ្នំពេញ ៖ ពងក្រួច ពងមាន់ សរុបជាង២០មុឺនគ្រាប់ ដែលឈ្នួញដឹកតាមរថយន្តចំនួន២គ្រឿង នាំចូលមកពីប្រទេសវៀតណាម គ្មានលិខិតអនុញ្ញាតិ។ ប្រតិបត្តិការណ៍ខាងលើ កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរាជធានីភ្នំពេញ ឃាត់ចាប់បានរថយន្ត២គ្រឿង ដឹកពងក្រូច ពងមាន់ ដែលគ្មានលិខិតអនុញ្ញាតិ ឈ្មួញបាននាំចូលពីប្រទេសវៀតណាម យកមកចែកចាយលក់បន្តក្នុងរាជធានីភ្នំពេញ។

រថយន្តមួយគ្រឿងម៉ាកសាំងយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ 2AG-9783 ដឹកពងសត្វក្រួចចំនួន១០០,០០០ គ្រាប់(ដប់ម៉ឺន)គ្រាប់ ត្រូវបានចាប់ឃាត់ នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ ចំណែករថយន្តមួយគ្រឿងទៀត ម៉ាកសាំងយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2BA-0453 ដឹកពងសត្វក្រួចចំនួន១០០,០០០ គ្រាប់(ដប់ម៉ឺន)គ្រាប់ និងពងមាន់ចំនួន ៣០០០គ្រាប់(បីពាន់) គ្រាប់ ត្រូវបានចាប់ឃាត់ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

បច្ចុប្បន្នពងក្រួច ពងមាន់ ត្រូវបានក្រុមការងារយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.