កំពង់ស្ពឺ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះអ្នកលក់មាស និងប្ដូរប្រាក់មួយកន្លែង យកមាសអស់២៥០តម្លឹង នៅចំណុចផ្លូវលេខ៤៤ ភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ។

ប្រត្តិបត្តការណ៍នេះ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអនុញ្ញាត កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជា មួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណ និងទីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យ។

លុះដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញដឹកនាំ និងបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរ បាលខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, និងខេត្តកោះកុង ធ្វើការតាមឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ចំនួន០២នាក់។

ជនសង្ស័យទី១ ឈ្មោះ ប៉ិច ផាណ្ណៈ ភេទប្រុស អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅភូមិសាលាកន្សែង ឃុំស្វាយដង្គុំ ស្រុកសៀមរាប ខេត្តសៀមរាប។ ទី២ ឈ្មោះ ណាម វិចិត្រ ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិកំពង់ពិល ឃុំវត្តតាម៉ឹម ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយឃាត់ខ្លួន​ ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ពួកខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចគាស់ផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ពិតប្រាកដមែន ដោយលួចបានគ្រឿងអលង្ការមាស និងផ្លាកទីន ចំនួន២៥០តម្លឹង សរុបជាទឹកប្រាក់ចំនួន ១៦ម៉ឺនដុល្លារ ហើយបានគេចទៅលាក់ខ្លួននៅស្រុកកំណើត ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងកម្លាំងជំនាញនាយកដ្ឋានបានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖តាតុងសែនជ័យ

Share.