សិល្បៈជាតិ៖ តារា​សម្ដែង ប្រុស​ខួច បានធ្វើឱ្យ​មហាជន​ជាច្រើន​ងាក​មក​ចាប់អារម្មណ៍​ជាថ្មី​ម្ដងទៀត បន្ទាប់ពី​លោក​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ស្ដែង​ឱ្យឃើញ​ពី​គំនិត​ច្នៃ​ប្រតិដ្ឋ​ក្នុងការ​គ្រង​ឈុត​សម័យ​ពាក់​មុខ​ខ្មុក។

ជាមួយ​គំនិត​ច្នៃប្រឌិត​បែប​សហ​សម័យនេះ តារា​សម្ដែង ប្រុស ខួច បាន​បង្ហោះ​ចំណាប់អារម្មណ៍​យ៉ាង​ដូច្នោះ ៖ «បុរាណ​លាយ​ជាមួយ​សហ​សម័យ អភិរក្ស​នឹង​អភិវឌ្ឍន៍ ត្រូវតែ​រួមគ្នា​ដើម្បី​បង្កើត​បង្កើន​ឡើងមក​ថែមទៀត របស់​ដូនតា​ត្រូវតែ​ថែរក្សា តែ​យើង​ជា​កូនចៅ​ត្រូវ​រក​អ្វី​បន្ថែម​ពីលើ​ឱ្យ​កាន់តែ​បាន​ច្រើន ក្រុង​រា​ពណ៌​នឹង​ព្រះរាម ដកស្រង់​ចេញពី​រឿង​ព្រះរាម​ព្រះ​ល័​ក្ខ ខុស​ឆ្ក​ង​សុំ​ចិត្ត​បងប្អូន​កុំ​ប្រកាន់ #ខ្ញុំ​ស្រលាញ់​វប្ប​ធ​ម៍​ខ្មែរ»។

គួរ​មើលថា គំនិត​នេះ បើទោះបីជា​កើតឡើង​បន្ទាប់​លោក ខាត់ វ៉ៃ​ហាំង បានបង្ហាញ​មុន​កាលពី​ឆ្នាំ ២០២២ គ្រង​ឈុត​អាវធំ​បុរស រចនាបថ​គោម​ក្បាច់ ដ៏​ទាន់សម័យ​សម្រិតសម្រាំង​ច្នៃ​ជាពិសេស​សម្រាប់​ពិធី​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ដោយ​រួមបញ្ចូល​គ្នា​រវាង​សិល្បៈ​បុរាណ​ក្នុង​ទម្រង់​តួអង្គ ក្រុង​រា​ពណ៌ ក៏ពិតមែន ក៏ប៉ុន្តែ​មហាជន​នៅតែ​កោតសរសើរ​ចំពោះ ប្រុស​ខួច ដែលជា​តារា​សម្ដែង​ប្រុស​ទី២ដែល​បាន​បន្ត​ស្មារតី​បំផុសគំនិត​នេះ​ជា​បន្តបន្ទាប់​ទៀត។

សូមជម្រាបថា លោក លី សុខ​គីម​សាន ហៅ​ប្រុស​ខួច គឺជា​តារា​សម្តែង​រាង​សង្ហា​មួយរូប​ដែល​បាន​តស៊ូ​ពុះពារ​ឧបសគ្គ​ជាច្រើន​ក្នុង​ជីវិត ទម្រាំ​បានក្លាយ​ជាតា​រា​សម្តែង​ល្បីឈ្មោះ​ដូច​បច្ចុប្បន្ន។ មុន​ចូល​សិល្បៈ លោក​ធ្លាប់​ទៅ​រស់នៅ មណ្ឌលកុមារ​កំព្រារ ខេត្តបន្ទាយមានជ័យ​ជាង៤ឆ្នាំ ដោយសារតែ​ឪពុកម្ដាយ​បាន​បែកបាក់​គ្នា ហើយ​ក៏បាន​ចំណាកស្រុក​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ។ ក្រោយ​វិល​ប្រ​ឡប់​មក​ស្រុកកំណើត​វិញ លោក​ក៏​តស៊ូ​ក្នុង​ជីវិត​រហូត​ក្លាយជា​តារា​សម្តែង ទទួលបាន ប្រជាប្រិយភាព​ដូច​បច្ចុប្បន្ននេះ៕

Share.