សិល្បៈ​ជាតិ​៖ ខណៈ​នេះ​កញ្ញា​ឯក​ដ៏​ស្រស់​សោភា ចន សុទិម៉ា Miss Universe កម្ពុជា​ ឆ្នាំ​២០២៣​ កំពុង​តែ​បំពេញ​បេសកកម្ម​តំណាង​ជាតិ​នៅ​ប្រទេស​ អែលសាល់​វ៉ាឌ័រ​។ ឆ្នាំ​នេះ​ស្រីស្អាត​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​​​​ទទួល​បាន​​នូវ​ការ​ចាប់​អារម្មណ៍ច្រើន​ណាស់​ មិន​ត្រឹម​តែ​ហ្វេន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ ដែល​បាន​ដាក់​ក្ដី​រំពឹង​ខ្ពស់​លើ​រូប​កញ្ញា សូម្បី​តែ​អ្នក​គាំទ្រ​អន្តរជាតិ​ក៏​ចាប់​អារម្មណ៍​កញ្ញា​មិន​ស្ទើរ​នោះ​ដែរ​ រហូត​មាន​អ្នកគាំទ្រ​​វិស័យ​នេះ​ជា​ច្រើន​រូប​ហ៊ាន​ព្យាករណ៍​ថា​បេក្ខនារី​​កម្ពុជា​រូប​នេះ​ ទំនង​ជា​ទទួល​បាន​កៅ​អី​លំដាប់​ Top ដោយ​មិ​ន​បាច់​ពិបាក​ប្រឹង​នោះ​ឡើយ​។

បើ​ទោះ​បី​ជា​ធ្លាប់​បរាជ័យ​ច្រើន​ដង​លើ​វិថី​ប្រកួត​សម្រស់​ ទម្រាំ​នឹង​ទទួល​បាន​ឱកាស​ធំជា​កញ្ញា​ឯក​តំណាង​ជាតិ​ នៅលើ​វេទិកា​អន្តរជាតិ​ ប៉ុន្តែបើ​ក្រឡេក​មើល​ទៅ​អតីតកាល​ ​ពី​មួយ​លើក​ទៅ​មួយ​លើក ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​ ពេល​ត្រលប់​មក​ឈរ​លើ​វេទិកា​ប្រកួត​​វិញ​ ចន សុទិម៉ា រមែង​​បង្កើន​សមត្ថភាព​របស់​ខ្លួន​ជាប់​ជានិច្ច។

ឆ្នាំ​នេះ​ ចន សុទិម៉ា Miss Universe Cambodia ទៅ​ដល់​ទីណាល្បី​​ផ្អើល​កក្រើក និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​នៅទីនោះ ​ព្រោះ​មិន​ថា​ជា​ហ្វេន​ជនជាតិ​អ្វី​ក៏​ពិបាក​នឹង​ដក​ខ្សែភ្នែក​ចេញ​ពី​កញ្ញាណាស់ ដោយ​សារ​តែ​ រាងតូច​ស្រឡូន​ កម្ពស់​ខ្ពស់​សមសួន​ ចំណែក​ទម្រង់​ក៏​ស្អាត​ប្រៀប​ដូចជា​នារី​កូន​កាត់​ រហូត​ដល់​ថ្នាក់​ហ្វេន​ៗ​ជនជាតិ​ថៃ​លាន់​មាត់​ថា​៖ «អូ កម្ពុជា​ នាង​ស្អាតណាស់! កម្ពុជា មែនអត់? កម្ពុជា​ ស្អាតណាស់!, នាង​ស្អាត​ដូច​គេ​និយាយ​ពិតមែន! ហើយ​មើល​រ៉ូប​ដែល​ស្លៀកចុះ ប្លែក​ភ្នែកមែនទែន កម្ពុជា​! អូយស្អាតណាស់ អូយ! កម្ពុជា​ឆ្នាំ​នេះ​ស្អាតខ្លាំងណាស់​អ្នក​ទាំង​អស់​គ្នា»

ក្រៅ​ពី​នោះ​​គេ​មើល​ឃើញ​ផេក​គាំទ្រ​វិស័យ​ប្រកួត​សម្រស់​ជា​ច្រើន​បាន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ជា​ពិសេស​ចំពោះ​ស្រីស្អាត​តំណាង​ឱ្យ​កម្ពុជា​ ដោយ ​Miss Universe Cambodia យើង​រមែង​មាន​ឈ្មោះ​ក្នុង​លំដាប់ Top នៃ​ការ​ព្យាករណ៍ ឬ​ទស្សន៍ទាយ​លំដាប់​ខ្ពស់​ៗ​នៃ​កម្មវិធី​ Miss Universe ពិភពលោក ពី​បណ្ដា​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ​​​ជាប់​ជានិច្ច។

​គួរ​ដឹ​ងថា​ ចន សុទិម៉ា ជា​បេក្ខនារីខ្មែរ​ដំបូង​ អាច​ឈាន​ជើង​ចូល​ដល់​វគ្គ​ Top5 ក្នុង​ចំណោម​បេក្ខនារីទាំង​៥០​ប្រទេស​ ដែល​បាន​ទៅចូលរួម​​​​ក្នុង​កម្មវិធី​ប្រកួត​កម្រិត​​អន្តរជាតិ​ ​Miss Tourism International 2019 នា​ទីក្រុង​កូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាល​​​ពី​ឆ្នាំ​ ២០១៩ ដោយ​​កញ្ញា​ទទួល​បាន​ពាន​រង្វាន់ និង ​មកុដ «Miss Dream Girl of The year International 2019​​/2020» ឬ​លំដាប់​រង​ទី៤ Top4 ក្នុង​កម្មវិធីនេះ៕

Share.