កម្លាំងសមត្ថកិច្ចជំនាញ  នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ  សហការជាមួយ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់  កាលពីវេលាម៉ោង០៩និង៣០នាទីថ្ងៃទី៣១  ខែកក្កដា  ឆ្នាំ ២០២១  ត្រង់ចំណុចខាងមុខមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ(មន្ទីរពេទ្យលោកសង្ឃ) ស្ថិតនៅភូមិត្រពាំឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងបន្ទាប់ពីជននេះបានឆបោកយកម៉ូតូជនរងគ្រោះកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ មាស រិទ្ធិភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការចាក់ដី ទីលំនៅភូមិថ្មី ឃុំលំពង់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ សៀន សុភ័ក្ត្រ ហៅ ក្តី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យជាអ្នកប្រើប្រាស់សារធាតុញៀន។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GU-3138 ចំនួន០១គ្រឿង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា  កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី ជនរងគ្រោះឈ្មោះ មាស រិទ្ធិ ភេទប្រុស អាយុ៣២ឆ្នាំ កំពុងតែអង្គុយផឹកស៊ីជាមួយអ្នកបើករថយន្តដឹកដីដូចគ្នា ចំនួន០៧នាក់ នៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ពេលនោះស្រាប់តែឃើញជនសង្ស័យឈ្មោះ សៀន សុភ័ក្ត្រ ហៅ ក្តី ភេទប្រុស អាយុ២៨ឆ្នាំ ជាមួយឈ្មោះ ផន ចាន់មករា ហៅ រ៉ូ ភេទប្រុស អាយុ៣២ឆ្នាំ បានជិះកង់បីឥណ្ឌាមកដល់ ក៏ចុះដើរសំដៅមករកក្រុមជនរងគ្រោះដែលកំពុងអង្គុយផឹកស៊ី ហើយជនរងគ្រោះមិនដែលស្គាល់ជនសង្ស័យទេ តែឃើញជនសង្ស័យដើរសំដៅចូលមកស្មានតែជាអ្នកបើករថយន្តដឹកដីដែរ ក៏បានហៅឱ្យចូលផឹកស៊ីជាមួយគ្នា ។

ពេលជនសង្ស័យអង្គុយផឹកស្រាបៀរអស់០៣កំប៉ុង ក៏បាននិយាយសុំខ្ចីម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាក លេខភ្នំពេញ1GU-3138 របស់ជនរងគ្រោះថា ទៅទិញស្រាបៀរយកមកផឹកស៊ីថែមទៀត ហើយជនរងគ្រោះក៏បានឱ្យម៉ូតូម៉ាកខាងលើ ទៅជនសង្ស័យ ដើម្បីទៅទិញស្រាបៀរ ។

បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូរបស់ជនរងគ្រោះ ចេញទៅបាត់រហូត មិនឃើញត្រឡប់មកវិញទេ ទោះបីជនរងគ្រោះទាក់ទងតាមរយៈទូរស័ព្ទក៏មិនអាចទាក់ទងបានដែរ ។ ក្រោយមកជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។

លុះដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានទៅសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានរួមនិងវត្ថុតាង(ម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះ) ត្រង់ចំណុចខាងមុខមន្ទីរពេទ្យលោកសង្ឃ ស្ថិតនៅភូមិត្រពាំឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស និងបញ្ជូនខ្លួនទៅអធិការខណ្ឌដង្កោដើម្បីកសាងសុំណុរឿងចាត់ការទៅតាមនីតិវិធីបន្តទៀត ៕

អត្ថបទ៖សាវី

Share.