បាត់ដំបង÷ សមត្ថកិច្ចខេត្តបាត់ដំបងចុះស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងដើរលេងយប់២ក្រុមក្រោយបើកឆាក ដេញគប់គ្នាពេញដងផ្លូវប៉ះពាល់ដល់សន្តិសុខសង្គម។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានប្រាប់ឱ្យដឹងថា ប្រត្តិបត្តិការណ៍នេះ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅថ្ងៃទី០៨ ខែវិច្ឆកា ឆ្នាំ២០២៣នេះកម្លាំងអន្តរាគមន៍បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះស្រាវជ្រាវរហូតដល់បង្ក្រាបករណីប្រើហិង្សារវាងក្រុមក្មេងទំនើង២ក្រុម មានគ្នា៧នាក់ ដោយបានប្រើប្រាស់ដុំថ្ម និង មួកសុវត្ថិភាពគប់គ្នាទៅវិញទៅមក តាមដងផ្លូវដែលបង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ រួមទាំងភ្ញៀវទេសចរផងដែរបាត់បង់នូវភាពកក់ក្តៅយ៉ាងធ្ងន់ធ្ងរ។

លោកបានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនក្រុមយុវជនទាំង២ក្រុម បានអះអាងថា នៅវេលាម៉ោង១១:៣០នាទីជិតរំលងអធ្រាត្រថ្ងៃទី ០៧ ខែវិច្ឆិកា ត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រុមទី១ដែលមានបក្ខពួកចំនួន៤នាក់ បានជិះម៉ូតូទៅជេរក្រុមមួយទៀត ទើបធ្វើឱ្យក្រុមទី២ ដែលមានគ្នាចំនួន៣នាក់ខឹងសម្បាហើយនាំគ្នាជិះម៉ូតូយកដុំថ្មគប់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសម្នាក់ ឈ្មោះម៉ា ធឿន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ផុងលលាដ៏ក្បាល និងខ្វាក់ភ្នែកខាងឆ្វេងម្ខាងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.