សិល្បៈ​ជាតិ​៖ គេ​ច្រើន​​មើល​ឃើញ​ថា​អ្នក​រកស៊ី អ្នក​ជំនួញ ឬ​អ្នក​មា​ន​អាជីព​ ដូច​គ្នា​រមែង​ទុក​គ្នា​ជា​គូ​ប្រជែង​ឬ​សត្រូវ​ ប៉ុន្តែ​សម្រាប់​ផលិតករ​ភាពយន្ត​ខ្មែរ​ ពាក្យ​នេះ​ហាក់​ដូច​ជា​ប្រើ​មិន​ត្រូវ​នោះ​ឡើយ​ ព្រោះ​កន្លង​មក​គេ​សង្កេត​ឃើញ​ថា​ផលិតករ​ក្ដី ចាងហ្វាង​ផលិតកម្ម​ក្ដី អ្នក​ដឹកនាំ​ក្ដី​ ពោល​បុគ្គល​ដែល​បំពេញ​ការងារ​លើ​វិស័យ​ភាពយន្ត​ខ្មែរ​រមែង​រួបរួម​គ្នា​ ជួយ​ផ្សព្វផ្សាយ​ពី​ភាពយន្ត​ខ្មែរ​ជានិច្ច​។

ថ្មីៗ​នេះ​ ផលិតក​ម្ម LD Entertainment ទើប​តែ​បញ្ចេញ​ស្នាដៃ​ភាពយន្ត​ខ្នាត​ធំ​ កម្រិត​ស្ដង់​ដារ​អន្តរជាតិ​ ដែល​ជា​រឿង​​មាន​ខ្ទង់​ចំណាយ​ខ្ពស់​ និង​ប្រមូល​ផ្ដុំ​ទៅ​ដោយ​តារា​សម្ដែង​ល្បីៗ​មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដូច​ជា​ មីយ៉ាន់ម៉ា ថៃ​ និង​ វៀតណាម​ជា​ដើម។ ខណៈ​ដែល​រឿង​នេះ​កំពុង​បញ្ចាំង​នៅ​តាម​បណ្ដា​រោងភាពយន្ត​នានា​ៗ​ ក្រៅ​ពី​ចាងហ្វាង​ផលិតកម្ម និង​បុគ្គលិក​ពាក់ព័ន្ធ​ បាន​ព្យាយាម​ប្រូម៉ូត​ផ្សព្វផ្សាយ​ពី​រឿង​នេះ​ គេ​ឃើញ​ចាងហ្វាង​ផលិតកម្ម​ Wonderfilm លោក សែម​ វិសាល បាន​ចូលរួម​ជួយ​ផ្សព្វផ្សាយ​សាច់​រឿង​មួយ​នេះ​នៅ​លើ​បណ្ដាញទំនាក់ទំនង​សង្គម​របស់​ខ្លួន​។ សកម្មភាព​របស់​លោក​នេះ​ ត្រូវ​បាន​លោក​ លៀក លីណា អ្នក​ចាត់​ការ​ទូទាំង​ផលិតកម្ម LD រំភើប​ចិត្ត​ហើយ​បាន​ចូល​មក​អរគុណ​ចំពោះ​ទឹក​ចិត្ត​ដ៏​ល្អ​របស់​លោក សែម​ វិសាល។

មិន​ត្រឹម​បង្ហាញ​ស្មារតី​ជួយ​គ្នា​តែ​ប៉ុណ្ណឹង​ទេ​ ផលិតករ​ភាពយន្ត​ «កុំ​ដេក» បាន​ជូន​ពរ​ឱ្យ​ភាពយន្ត​ខ្មែរ​រឿង​ «ប្រុស​លក់​ខ្លួន​» ទទួល​បាន​ជោគជ័យ​ ដោយ​លោក​បាន​សរសេរថា​៖ សុំ​​ឱ្យ​​ជោគជ័យ​ខ្លាំង​ លីណា ​យ​ក​ ​1M ​អោយ​បាន​មើល​។​ ដោយ​ភាគី​លោក​ លៀក លីណា បាន​ឆ្លើយ​តប​វិញ​ថា​ ៖ «បាទបង For Real Filmmaker» ឬ​ «បាទ​បង​ ដើម្បី​អ្នក​ផលិត​កុន​ពិត​ប្រាកដ»

កន្លង​មក​គេ​ឃើញ​ភាគី លោក លៀក លីណា ក៏​បាន​ចូលរួម​ជួយ​ប្រូម៉ូត​និង​ផ្សព្វផ្សាយ​ ក៏​ដូចជា​អបអរសាទរ​ដែរ​នៅពេល​ដែល​ភាពយន្ត «កណើត​អរូប» ក្ដី រឿង «កុំ​ដេក» ក្ដី របស់​ផលិតកម្ម​ Wonderfilm ​មាន​លោក​ សែម វិសាល​ ជា​ចាងហ្វាង​ផលិតកម្ម​ ​ត្រូវ​បាន​យក​ទៅ​ចាក់​បញ្ចាំង​នៅតាម​​រោង​ភាពយន្ត​​ក្នុង​ប្រទេស​​ថៃ ​និង ​ឡាវ​ ដែល​នេះ​គឺជា​ទង្វើ​សបញ្ជាក់​ពី​សាមគ្គី​ភាព​រវាង​អ្នក​ផលិត​ភាពយន្ត​ ដែល​មាន​ស្មារតី​រួម​គ្នា​គឺជួយ​ជំរុញ​ឱ្យ​វិស័យ​ភាពយន្ត​ខ្មែរ​កាន់​តែ​​ការ​អភិវឌ្ឍន៍​ដើរ​ឆ្ពោះ​​ទៅ​មុខ​ទាន់​បណ្ដា​ប្រទេស​នានា​៕

Share.