កំពង់ចាម ៖ ក្មេងប្រុសអាយុទើប១៤ខែម្នាក់ ត្រូវបានអ៊ុំប្រុសបង្កើតជាមនុស្សញៀនថ្នាំចាប់ខាំ វាយ បោក យ៉ាងកំរោល បណ្តាលឱ្យស្លាប់ភ្លាមៗដោយសារខឹងយំលួងមិនបាត់។ ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលដល់អ្នកស្រុក និងសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗបានផងដែរ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្ទះជនសង្ស័យ ក្នុងភូមិទួលខ្ពស់ ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ជនសង្ស័យឈ្មោះ ស៊ាង ភា ភេទប្រុស អាយុ៣៣ឆ្នាំ ជាបុរសពោះម៉ាយ មុខរបរមិនពិតប្រាកដ ជាមនុស្សញៀនថ្នាំផង រស់នៅជាមួយឪពុកម្តាយ ក្នុងភូមិឃុំកើតហេតុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ ចំណែកក្មួយប្រុស ឈ្មោះ ម៉េង លាង អាយុទើប១៤ខែ មានម្តាយឈ្មោះ ស៊ាង ចន្ធូ ឪពុកឈ្មោះ ម៉េង ក្លូ រស់នៅក្នុងភូមិគរ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ គ្រួសារខាងលើមានកូនចំនួន ២នាក់ ប្រុស១នាក់ (ក្មេងរងគ្រោះ) និងស្រី១នាក់ អាយុ១១ឆ្នាំ ។ ហើយម្តាយក្មេងរងគ្រោះ ត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្មេងប្រុសរងគ្រោះត្រូវបានឪពុកម្តាយ យកទៅផ្ញើរនៅជាមួយជីដូន ក្នុងភូមិទួលខ្ពស់ ឃុំក្រូច ស្រុកព្រៃឈរ លុះនៅវេលាម៉ោង១០យប់ ក្មេងរងគ្រោះ យំរកឪពុកម្តាយ ត្រូវបានជីដូនលួងមិនបាត់ ហើយត្រូវបានអ៊ុំប្រុស(ជនសង្ស័យ)លួងនៅតែមិនបាត់ ស្រាប់តែផ្ទុះកំហឹង ចាប់ខាំ វាយ បោក បណ្តាលឱ្យស្លាប់។ សមត្ថកិច្ចចុះទៅឃាត់ខ្លួនបានជនសង្ស័យភ្លាមៗ នាំយកទៅប៉ុស្តិ៍ រួចបញ្ជូនបន្តទៅការយាល័យជំនាញស្នងការខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

ចំណែកសពក្មេងរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យ កោសល្យវិច័យរួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅភូមិគរ ឃុំគរ ស្រុកព្រៃឈរ តាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.