ក្រុមបាល់ទាត់ Police Tero FC សមាជិកលីគកំពូលថៃ (Thai League 1) បានប្រកាសតែងតាំងលោក Sinthaweechai ជាគ្រូបង្វឹក និងលោក Worrawoot ជានាយកបច្ចេកទេស ពោលគឺ២ថ្ងៃបន្ទាប់ពីលោក Thanya Wongnak ប្រកាសចាកចេញពីតួនាទីជាអ្នកចាត់ការក្រុម Police Tero និងលោក Angsan Viwatchaichok បានសម្រេចចិត្តលាឈប់ពីតួនាទីគ្រូបង្វឹក។

គួរដឹងថាកាលពីថ្ងៃចន្ទ ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ក្លិបបាល់ទាត់ Police Tero FC បានធ្វើសន្និសីទសារព័ត៌មាន មួយ​ដោយ​ប្រកាស​ពី​ដៃ​គូ​វិនិយោគ​ថ្មី នោះ​គឺ​ព្រះអង្គម្ចាស់​​នរោត្តម រ៉ាវីចក្រ។

បើតាម​សារព័ត៌មាន​របស់​​ប្រទេស​ថៃ​ បាន​បញ្ជាក់​ថា ព្រះរាជវង្សានុវង្សទាំងបី​អង្គ​របស់ប្រទេសកម្ពុជា ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម អម្រឹតវង្ស ព្រះបាទនរោត្តម នរិនថាពង្ស និងព្រះអង្គម្ចាស់នរោត្តម រ៉ាវីចក្រ បានចូលរួមកាន់កាប់ ភាគហ៊ុនសរុបរបស់ក្លិបចំនួន ៤៩% ហើយគោលដៅរបស់ព្រះអង្គចង់នាំក្លិបនេះឱ្យឈរនៅលំដាប់​ក្លិប​ខ្លាំង​កំពូលទាំង​៣ (Top 3) នៅរដូវកាលក្រោយ ដើម្បីយកកៅអី​ទៅ​ប្រកួត​ពានរង្វាន់​កម្រឹតទ្វីប AFC Champions League ឡើង​វិញ។

ក្លិប​បាល់ទាត់ Police Tero FC កន្លង​មក​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Tero Entertainment និង​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ថៃ (Royal Thai Police) ដែល​មាន​លោក Brian L.Marcar ជា​ប្រធាន​ក្លិប។

សូម​បញ្ជាក់​ថា​ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ធ្លាប់មានបំណងចង់កាន់កាប់ក្លិប Saints  Etienne ដែល​មាន​ប្រវត្តិ​ល្បីល្បាញ​របស់​ប្រទេសបារាំង កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ប៉ុន្តែមិនជោគជ័យនោះឡើយ ដោយសារបញ្ហាឯកសារទ្រព្យសម្បត្តិ និង​រឿងមួយចំនួនទៀត។

ក្លិប​បាល់ទាត់ Police Tero បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​១៩៩២ ឈ្មោះ Sasana Witthaya School Football Team ប៉ុន្តែ​​មាន​​ការ​ប្តូរ​ឈ្មោះ​ជា​បន្ត​បន្ទាប់ ទៅ​ជា Tero Sasana FC នៅ​ឆ្នាំ​១៩៩៦ ខណៈ​ឆ្នាំ​១៩៩៨ ប្តួរ​ទៅ​ជា​BEC Tero Sasana FC ហើយ​ឆ្នាំ​២០១៨ ប្តូរ​មក​ជា Police Tero FC ក្រោយ​មាន​ការ​បញ្ជូល​គ្នា​រវាង​ក្រុម​មួយ​នេះ ជាមួយ​ក្រុម Police United F.C។

រយៈពេល​៣១​ឆ្នាំ​មក​នេះ​ក្រុម Police Tero FC ធ្លាប់​ឈ្នះ​ជើង​ឯក​លីគ​កំពូល​ថៃ​ចំនួន​២លើក គឺ​នៅ​ឆ្នាំ​២០០០ និង រដូវកាល​២០០១-២០០២ ខណៈ​២០០២-០២ និង​២០០២-២៣ បាន​ត្រឹម​ជើង​ឯក​រង។ ក្រុម​នេះ​ធ្លាប់​ឈ្នះ​ពាន League Cup នៅ​ឆ្នាំ​២០០៩។ អ្វី​ដែល​គួរ​អោយ​ចាប់​​នោះ​ក្រុម Police Tero FC បាន​ឈ្នះ​ជើង​ឯក​រង​ពានរង្វាន់​ទ្វីប​អាស៊ី AFC Champions League នៅ​រដូវកាល​២០០២-២00៣ ទៀត​ផង។

មុន​ឈាន​ដល់​កិច្ចព្រមព្រៀង​វិនិយោគ​ភាគហ៊ុន ៤៩% នៅ​លីគ​កំពូល​ថៃ កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ព្រះអង្គ Matteo Norodom ជាបុត្ររបស់ព្រះអង្គ នរោត្ដម រ៉ាវីចក្រ ចុះកុងត្រាប្រកបអាជីពនៅក្លិបបាល់ទាត់ Police Tero FC រួចជា​ស្រេច​ផង​ដែរ។

ទាំង​ព្រះអង្គម្ចាស់ នរោត្តម អម្រឹតវង្ស, ព្រះអង្គម្ចាស់ នរោត្តម នរិនថាពង្ស និងព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ សុទ្ធ​ជា​បុត្រា​របស់​​សម្តេច​ ព្រះមហិស្សរា នរោត្តម ចក្រពង្ស និងមានព្រះមាតានាម ហ៊ុន សឿន ដែលជាអតីតអ្នករាំរបាំព្រះរាជ្យទ្រព្យ៕

Share.