ក្រោយ​ទុក​ឱ្យ​មហាជន​មាន​មន្ទិល​មួយ​រយៈ​ធំ​ពី​ការ​ដក​ខ្លួន​ចេញ​ពី​ការ​អត្ថាធិប្បាយ​លើ​កញ្ចក់​ទូរទស្សន៍​ ពេល​នេះ​មហាជន​​រក​ឃើញ​ចម្លើយ​ហើយ​ ព្រោះ​អ្នក​អត្ថាធិប្បាយ​ច្បាប់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ល្បី​ លោក​ ទូច សុខៈ (ទូច សុឃៈ) បាន​​ចាប់​ផ្ដើម​ដំណើរ​ការ​ Live កម្មវិធី​និយាយ​ពី​ច្បាប់​របស់​លោក​​តាមរយៈ​បណ្ដាញ​សង្គម​។

កាល​ពី​រាត្រី​ទី​២ ខែ​សីហា ឆ្នាំ​២០២១ តាម​រយៈ​គណនី​ផ្ទាល់​ខ្លួន​របស់​លោក​ ទូច​ សុខៈ លោក​បាន​ចេញ​មក​ធ្វើ​ការ​ Live ផ្ទាល់​ចែក​រំលែក​បញ្ហា​ច្បាប់​ដោយ​បើក​ឱ្យ​បងប្អូន​សាធារណជន​ដែល​មាន​ចម្ងល់​លើ​បញ្ហា​នេះ​អាច​ Comment សាកសួរ​ភ្លាមៗ​នៅ​ក្នុង​ពេល​ Live ផ្ទាល់​ឬ​អាច​ Inbox (ផ្ញើ​សារ​) មក​សាកសួរ​លោក​ ​រួច​លោក​នឹង​ធ្វើ​ការ​បកស្រាយ​ពន្យល់​ទៅ​តាម​អង្គហេតុ​នៃ​រឿង​នីមួយៗ​។

​ការ​ Live រយៈ​ពេល​មួយ​ម៉ោង​សោះ​នៃ​ថ្ងៃ​ដំបូង​ឃើញ​ថា​សន្ទុះ​នៃ​ការ​គាំទ្រ​អ្នក​អត្ថាធិប្បាយ​រូប​នេះ​នៅ​តែ​ខ្លាំង​និង​មាន​អ្នក​គាំទ្រ​ច្រើន​​បាន​ចូល​មក​ទស្សនា​ការ Live ហើយ​​ក៏​ជា​មតិ​សាកសួរ​និង​ឆ្លងឆ្លើយ​គ្នា​​ទៅ​វិញ​ទៅ​មក​រវាង​អ្នក​ទស្សនា​ និង​ អ្នក​អត្ថាធិប្បាយ​ល្បី​ពាក់ព័ន្ធ​ទៅ​នឹង​ប្រធាន​បទ​នីមួយ​ៗ​ ដែល​កើត​មាន​ឡើង​ពិត​ៗ​នៅ​ក្នុង​សង្គម​។​

ងាក​មក​វិញ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​លើក​ឡើង​ថា​សោកស្ដាយ​ចំពោះ​អវត្តមាន​របស់​អ្នក​អត្ថាធិប្បាយ​ដែល​តែង​តែ​ផ្ដល់​នូវ​ចំណេះដឹង​យ៉ាង​ក្បោះ​ក្បាយ​ ងាយស្រួល​​យល់​រូប​នេះ​ លែង​មាន​បញ្ហា​កង្វល់​ទៀត​ហើយ​ ព្រោះ​នៅ​ក្នុង​កម្មវិធី​របស់​លោក​គឺ​បើក​ឱ្យ​បងប្អូន​ដែល​មាន​ចម្ងល់​ផ្នែក​ច្បាប់​​អាច​សាកសួរ​​​​បាន​ដោយ​សេរី​។​

មួយ​ថ្ងៃ​ដំបូង​នៃ​កម្មវិធី​ #ផ្លូវ​ច្បាប់​ ដែល​​ជា​គំនិត​បង្កើត​និង​ផ្ដួចផ្ដើម​ឡើង​ដោយ​លោក​ ទូច សុខៈ ​ បុគ្គល​ល្បី​មួយ​រូប​ដែល​តែងតែ​ព្យាយាម​បញ្ជ្រាប​ផ្លូវ​ច្បាប់​ជូន​ដល់​សាធារណជន​​ក្នុង​គោលដៅ​ចែក​រំលែក​ចំណេះ​ដឹង​មួយ​នេះ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​​កម្ពុជា​កាន់​តែ​មាន​​យល់​​ដឹង​ទូលំទូលាយ​ឡើង​​នេះ​ មាន​ហ្វេន​ៗ​ជា​ច្រើន​ដែល​ជា​អ្នក​គាំទ្រ​រូប​លោក​បាន​ចូល​មក​ទស្សនា​ផ្ទាល់​ច្រើន​ព្រម​ទាំង​មាន​ការ​ Comment Like និង​ Share ​ចេញ​ពី​គណនី​របស់​លោក​ខ្លាំង​មិន​ចាញ់​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​នោះ​ទេ​។​

មិន​ទុក​ឱ្យ​មហាជន​មាន​មន្ទិល​បន្ត​ទៀត​ សារព័ត៌មាន​ត្រយង​បាន​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​សាកសួរ​ផ្ទាល់​ពី​លោក​ដើម្បី​បញ្ជាក់​ឱ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​បញ្ហា​នេះ​ ដោយ​សាមី​ខ្លួន​លោក​បាន​ឆ្លើយ​តបជាលក្ខណៈ​ការ​ទូត​​ថា​៖ «លោក​មាន​ការ​សោកស្ដាយ​ដែរ​ ដែល​លោក​មិន​អាច​បន្ត​អត្ថាធិប្បាយ​ផ្លូវ​ច្បាប់​តាម​កញ្ចក់​ទូរទស្សន៍​ជា​បន្ត​ទៀត​បាន​ ព្រោះ​កន្លង​មក​មហាជន​មាន​ការ​គាំទ្រ​ទាំង​ទៅ​លើ​ការ​អត្ថាធិប្បាយ​ និង​ការ​បញ្ជ្រាប​ផ្លូវ​ច្បាប់​ ឆ្លៀត​ក្នុង​ឱកាស​នេះ​លោក​ក៏​សូម​ថ្លែង​អំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ផ្ដល់​នូវ​ក្ដី​ស្រលាញ់​​និង​គាំទ្រ​រូប​លោក​រហូត​មក​»។

ចំពោះ​ការ​សម្រេចចិត្តចាក​ចេញ​របស់​លោក​ លោក​បាន​ឆ្លើយ​ដោយ​ខ្លី​មក​កាន់​សារព័ត៌មាន​ត្រយង​ថាដោយ​សារ​តែ​បញ្ហា​ពេល​វេលា​ គ្រួសារ​ និង​មុខ​របរ​ផ្ទាល់​ខ្លួន។

«បច្ចុប្បន្ន​គ្រួសារ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ពង្រីក​អាជីវកម្ម​កសិដ្ឋាន​ចិញ្ចឹម​មាន់​ កសិដ្ឋាន​ចិញ្ចឹម​ត្រី​ និង​ចំការ​ដូង​ក្រអូប​ និង​ការងារ​មួយ​ចំនួន​ទៀត​ ដែល​ធ្វើ​ឱ្យ​ពេលវេលា​របស់​ខ្ញុំ​មាន​ភាព​កាន់​តែ​ចង្អៀត​ណែន​ ដូច្នេះ​ទើប​សម្រេច​ចិត្ត​ឈប់​ធ្វើ​ការ​ងារ​ពេញ​ម៉ោង​ ប៉ុន្តែ​ចំពោះ​ការ​បញ្ជ្រាប​ផ្លូវ​ច្បាប់​នេះ​គឺ​ជា​ក្ដី​ស្រលាញ់​ ហើយ​ក៏​ជា​គោលដៅ​ធំ​មួយ​ក្នុង​ការ​ចែករំលែក​ចំណេះដឹង​ផ្នែក​នេះ​ជូន​ដល់​សាធារណជន​ ទើប​ខ្ញុំ​បង្កើត​កម្មវិធី​ #ផ្លូវ​ច្បាប់​ នេះ​ខ្លួន​ឯង​ ហើយ​ធ្វើ​ការ​ Live ទៅ​តាម​ពេលវេលា​ដែល​ខ្ញុំ​អាច​ឆ្លៀត​ពេល​បាន​ពី​មុខ​របរ​គ្រួសារ​»។

ជា​ចុង​ក្រោយ​លោក ទូច សុខៈ ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​ ថ្វី​ត្បិត​តែ​លោក​មិន​ធ្វើ​ការងារ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ (ពេញ​ម៉ោង) ក្នុង​ស្ថាប័ន​ណាមួយ​ តែ​​មិន​បាន​សេចក្ដី​ថា​លោកឈប់​ផ្ដាច់​ចេញ​ពី​វិស័យ​សារព័ត៌មាន​នោះ​ឡើយ​ ព្រោះ​​ប្រសិន​បើ​មាន​ស្ថាប័ន​ណាមួយ​ចាប់​អារម្មណ៍​ហើយ​ចង់​សហការ​ការងារ​ជាមួយ​នឹង​លោក​ លោ​ក​ពេញ​ចិត្ត​នឹង​បើក​ទ្វារ​ទទួល​ ប៉ុន្តែ​សូម​គោរព​ទៅ​តាម​ម៉ោង​ពេល​វេលា​ដែល​លោក​បាន​កំណត់​ មួយ​វិញ​ទៀត​ កម្មវិធី​ នោះ​ត្រូវ​តែ​មាន​ភាព​ស៊ីសង្វាក់​គ្នា​ជាមួយ​នឹង​កម្មវិធី​ដែល​លោក​កំពុង​តែ​ដំណើរ​ការ​ក្នុង​ពេល​បច្ចុប្បន្ន​តែ​ប៉ុណ្ណោះ​។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​ សារព័ត៌មាន​ត្រយង​ ក៏​កំពុង​តែ​រៀបចំ​ដំណើរ​ការ​នូវ​កម្មវិធី​ថ្មីមួយ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ «ត្រយង​ប្រឹក្សា» ជា​កម្មវិធី​​ប្រឹក្សា​ច្បាប់​ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ជជែក​វែក​ញែក​ពី​បញ្ហា​ច្បាប់​ និង​ស្រាយ​រាល់​ចម្ងល់​និង​បញ្ហា​នានា​របស់​បងប្អូន​សាធារណជន​ដែល​មាន​ចម្ងល់​ទាក់ទង​ទៅ​នឹង​ផ្លូវ​ច្បាប់​។

ជា​ការ​កត់​សម្គាល់​ ប្រសិន​បើ​មា​ន​ការ​ចរចា​ណាមួយ​ នៅ​ថ្ងៃ​ខាង​មុខ​ រវាង​កម្មវិធី​ ត្រយង​ប្រឹក្សា និង​ កម្មវិធី ផ្លូវ​ច្បាប់​ របស់​លោក​ ទូច​ សុខៈ (ទូច សុឃៈ) ​នោះ​មហាជន​ក៏​ដូច​ជា​អ្នក​គាំទ្រ​សារព័ត៌មាន​ត្រយង និង​អ្នក​គាំទ្រ​អត្ថាធិប្បាយ​ល្បី​រូប​នេះ​​ ប្រាកដ​ជា​អាច​ទស្សនា​​ការអត្ថាធិប្បាយ​របស់​លោក​ ​​តាម​រយៈ​សារព័ត៌មាន​ត្រយងដូច​ជា​​ Website Facebook YouTube និង​ Telegram ៕​

Telegram-Troryorng
Share.