កំដៅ​​នៃ​​ជម្លោះ​រវាង​លោក​ សុខ រ៉ាស៊ី​ និង​ លោក​ អ៊ិន សុភិន​ ហាក់​មិន​ទាន់​រក​ចំណុច​រួម​ ដើម្បី​សម្រុះ​សម្រួល​គ្នា​បាន​នៅ​​ឡើយ​ទេ​ ព្រោះ​ភាគី​ទាំង​សង​ខាង​នៅ​តែ​ខ្វែង​គំនិត និង​មាន​ទស្សនៈផ្ទុយ​គ្នា​ទោះ​ជា​បាន​ជួប​ដោះ​ស្រាយ​គ្នា​ម្ដងនៅ​មុខ​សមត្ថកិច្ច​រួច​ហើយ​ក្ដី​។

សូម​ចុច​អាន​ អស់​ការ​អត់ទ្រាំ​ លោក​ សុខ​ រ៉ាស៊ី ប្រកាស​​ប្ដឹង​​លោក​ អ៊ិន សុភិន ទៅ​​តុលាការ!

បើ​សង្កេត​ឱ្យ​ស៊ី​ជ្រៅ​បញ្ហា​ជម្លោះ​រឿង​ប្រាក់កាស​នេះ​មិន​ត្រឹម​តែ​លោក​ សុខ រ៉ាស៊ី​នោះ​ទេ​ ដែល​ប្រឈម​នឹង​បញ្ហា​នេះ​ជាមួយ​នឹង​ម្ចាស់​ផលិតកម្ម​ មហាហង្ស ព្រោះ​កាល​ពី​ពេល​ថ្មីៗ​​នេះ​ដែរ​​ស្រាប់​ផ្ទុះ​ចេញ​នូវ​អ្នក​ដឹកនាំ​មួយ​រូប​បាន​ចេញ​មក​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​តាម​រយៈ​បណ្ដាញ​សង្គម​ដោយ​លើក​ឡើង​​ ពី​អ្នក​ជំពាក់​ប្រាក់​ដែល​ឱ្យ​ខ្លួន​ដឹកនាំរឿង​ចំនួន​៣​ តែ​បែរ​ជា​មិន​គិត​គូរ បើក​​លុយ​កាក់​ឱ្យ​ក្រោយ​ចប់​កិច្ចការ​ ជាង​នោះ​ទៀត​មិន​ត្រឹម​តែ​មិន​​សងហើយ​ បាន​ដាក់​ទំនាយ​ឱ្យ​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​ស្លាប់​មួយ​ពូជ​​ថែម​ទៀត​ផង​។​

រឿង​រ៉ាវ​ដ៏​ក្ដៅ​គគុក​នេះ​ត្រូវ​បាន​ភរិយា​លោក​ Remy Hou (រ៉េមមី ហ៊ូ) គឺ​អ្នក​ស្រី​  ផូ ភារត្ន័ បញ្ជាក់​មក​កាន់​សារព័ត៌មាន​ត្រយង​ថា​ អ្នក​ស្រី​និង​ស្វាមី​បាន​ទទួល​ដឹកនាំភាពយន្ត​ខ្នាត​ធំ​ចំនួន​៣​រឿង​ឱ្យ​ផលិតកម្ម​មហាហង្ស​ ដោយ​ទទួល​បាន​ឈ្នួល​កម្លាំង​ពល​កម្ម​មួយ​រឿង ​៣​ពាន់​ដុល្លារ​ សរុប​៣​រឿង​ចំនួន​៩​ពាន់​ដុល្លារ​។ ប៉ុន្តែ​​ទឹក​ប្រាក់​ដែល​ទទួល​មាន​ត្រឹម​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ​ គឺ​​៤ពាន់​៥​រយ​ដុល្លារ​ប៉ុណ្ណោះ​ ចំណែក​ទឹក​ប្រាក់​ពាក់​កណ្ដាល​ទៀត​ត្រូវ​ម្ចាស់​ផលិត​កម្ម​ខាង​លើ​ដោះ​សារ​ម្ដ​ង​​ជា​ពីរ​ដង​ដោយ​មូលហេតុ​ផ្សេងៗ​។

ងាក​ត្រលប់​មក​ដល់​ការ​ដាក់​ទំនាយ​និង​ដៀល​គ្រួសារ​អ្នក​ស្រី​ គឺ​បណ្ដាល​មក​ពី​អ្នក​ស្រី​បាន​ Share ផុស​មួយ​របស់​លោក​ សុខ រ៉ាស៊ី ភ្ជាប់​ជាមួយ​នឹង​សំណេរ​យ៉ាង​ដូច្នេះ​ថា​៖ «កម្មពារមិនចាំជាតិក្រោយទេ នេះជាStyle ដដែលៗដែលគាត់ធ្លាប់ប្រើជាមួយអ្នកទន់ខ្សោយរួមទាំងខ្ញុំ។ អ្នកដឹងបានដឹង»

ក្រោយ​បង្ហោះ​សំណេរ​នេះ​រួច​​អ្នក​ស្រី​បាន​ឱ្យ​សារព័ត៌មាន​ត្រយង​ដឹង​ថា​ លោក អ៊ិន សុភិន​ ដែល​មិនដែល​ឆ្លើយ​តប​សារ​អ្នក​ស្រី​ដើម្បី​បញ្ជាក់​ឱ្យ​ដាច់​ស្រេច​រឿង​ថ្លៃ​ដឹកនាំ​ដែល​សល់​ពាក់​កណ្ដាល​ទៀត​​នោះ​បាន​ខល​មក​អ្នក​ស្រី ហើយ​ខឹង​ដាច់​ក្បាល​ដាច់​កន្ួុយ​ ព្រម​ទាំង​ប្រើ​ពាក្យ​ប្រមាថ​ដល់​អាយុ​ជីវិត​គ្រួសារ​អ្នក​ស្រី​​ព្រម​ទាំង​ច្រាន​ចោល​ពី​រឿង​កុងត្រា​ ថា​លោក​មិន​ដឹង​នោះ​ទេ ព្រោះ​កុងត្រា​ លេខា​លោក​គឺជា​អ្នក​រៀប​ចំ​ ព្រម​ទាំង​ប្រកែក​ថា​ប្រណាំង​យក​មួយ​ឈ្នះ​ដៃ​ រួច​ហើយ​លោក​បាន​លុប​ចោល​សារ​ឆ្លើយ​ឆ្លង​ជាមួយ​គ្នា​ទាំង​អស់​ ប្រហែល​ជា​ក្នុង​គោលបំណង​លុប​បំបាត់​ភស្ដុតាង​ តែ​សំណាង​ដែល​អ្នក​ស្រី​ Screen shot សល់​ទាន់​សល់​បាន​ភស្តុតាង​២​សន្លឹក​ដែរ​។

អ្នក​ស្រី​ ផូ ភារ័ត្ន​ បាន​បញ្ជាក់​ជា​ចុងក្រោយ​ដែរ​ថា​ គោល​បំណង​ដែល​អ្នក​ស្រី​បញ្ចេញ​រឿង​នេះគឺ​អ្នក​ស្រី​មិនមាន​ចេតនា​ប្ដឹងផ្ដល់​អ្វី​នោះ​ទេ​​ ​តែសុំ​ស្នើ​ឱ្យ​លោក​ អ៊ិន សុភិន មេត្តា​អនុវត្ត​ទៅ​តាម​គោលការណ៍ និង ច្បាប់​របស់​ក្រុម​ហ៊ុន​គាត់​ ម្យ៉ាងវិញ​ទៀត ​អ្នក​ស្រី​ផ្ទាល់​ អ្នកស្រី​​គ្មាន​សង្ឃឹម​ទេថា អ្នក​ស្រី​នឹង​ទទួល​បាន​សំណង​ពី​ភាគី​ម្ខាង​ទៀត​នោះ​ទេ តែ​អ្នក​ស្រី​សប្បាយ​ចិត្ត​ នៅ​ពេល​ដែល​អ្នក​ស្រី​ប្រកាស​ជា​សាធារណៈ​បែប​នេះ​ ព្រោះ​អ្នក​ស្រី​ចង់​​ផ្ញើសារ​ឱ្យ​មនុស្ស​​ផ្សេងៗ​ទៀត​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លួន​ ព្រោះ​អ្នក​ស្រី​និង​​ស្វាមីផ្ទាល់​មាន​កុង​ត្រា​ច្បាស់លាស់​ហើយ​ ​នៅ​លោក​ អ៊ិន សុភិន​ ប្រែក្រឡាស់បាន​។

សារព័ត៌មាន​ត្រយង​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​កាន់​​លោក​ អ៊ិន សុភិន​ ដើម្បី​បកស្រាយ​ពី​បញ្ហា​នេះ​ ប៉ុន្តែ​លេខ​ទូរស័ព្ទរបស់​លោក​មិន​អាច​ទំនាក់ទំនង​បាន​នោះ​ទេ​៕

Telegram-Troryorng
Share.