ក្រុមមន្ត្រីបាននិយាយនៅថ្ងៃពុធ សប្ដាហ៍នេះថា ក្រុមអ្នកជួយសង្គ្រោះឥណ្ឌាបានខួងផ្លូវចំនួន៣ភាគ៤ តាមកំទេចកំទីឆ្ពោះទៅរកកម្មករចំនួន ៤១នាក់ ដែលជាប់នៅក្នុងផ្លូវរូងក្រោមដីដែលដួលរលំអស់រយៈពេល ១១ថ្ងៃកន្លងមកនេះ ដោយបង្កើនក្តីសង្ឃឹមនៃការជួយសង្រ្គោះជីវិតកម្មករបានដោយជោគជ័យ ដោយមានជំនួយពីគ្រឿងចក្រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ​ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមវិស្វករកំពុងធ្វើការដើម្បីរុញបំពង់ដែកជម្រៅយ៉ាងហោចណាស់ ៥៧ម៉ែត្រចូលទៅក្នុងដី បេតុង និងកម្ទេចថ្មដែលបានបាក់ ធ្វើឱ្យកម្មករទាំងនោះជាប់គាំងនៅក្នុងនោះ ចាប់តាំងពីផ្នែកមួយនៃផ្លូវរូងក្រោមដី ដែលកំពុងសាងសង់នៅរដ្ឋតំបន់ភ្នំហិម៉ាឡៃយ៉ាន អ៊ុតារៈខណ្ឌ បានបាក់រលំកាលពី១១ ថ្ងៃមុនមក។

រថយន្ត​សង្គ្រោះ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៅ​ជិត​ច្រក​ចូល ដោយ​សង្ឃឹម​ថា​បុរស​ដែល​ជាប់​នៅ​ទីនោះ​អាច​ត្រូវ​បាន​រំដោះចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ។

ទាក់ទិននឹងបញ្ហានេះ ប្រមុខរដ្ឋ អ៊ុតារៈខណ្ឌ (Uttarakhand) លោក ភូស្កា ស៉ីញ ដាមី (Pushkar Singh Dhami) បាននិយាយថា ការងារនេះគឺស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងខ្លាំង នៅពេលដែលលោកបានទៅដល់ទីតាំងកាលពីល្ងាចថ្ងៃពុធ។

លោក ដាមី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការងារសង្រ្គោះកំពុងត្រូវបានធ្វើក្នុងល្បឿនដ៏លឿន» ដោយនិយាយថា «ក្រុមវិស្វករបានខួងយកកំទេចកំទីប្រវែង៤៥ម៉ែត្រ ក្នុងជម្រៅ៥៧ម៉ែត្រ ដែលធ្វើឱ្យមានភាពជឿនលឿនភ្លាមៗ បន្ទាប់ពីដំណើរការយឺតយ៉ាវជាច្រើនថ្ងៃមកនេះ។

ទន្ទឹមនេះ លោក ម៉ាម៉ូត អាម៉េត (Mahmood Ahmad) មន្ត្រីក្រសួងផ្លូវថ្នល់ និងផ្លូវហាយវេ ដែលពាក់ព័ន្ធក្នុងប្រតិបត្តិការនេះ បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងនោះថា «ប្រសិនបើគ្មានការរារាំងទេ យើងសង្ឃឹមថា អាចមានព័ត៌មានរីករាយនៅយប់នេះ ឬថ្ងៃស្អែក»៕

ប្រភព៖ CNA

Share.