គិតត្រឹមរសៀលថ្ងៃអង្គារនេះ ក្រុមអ្នកជួយសង្គ្រោះឥណ្ឌា ដែលព្យាយាមខួងដីដើម្បីជួយសង្រ្គោះមនុស្សជាប់ក្នុងផ្លូវរូងក្រោមដី ឥឡូវនេះស្ថិតនៅចម្ងាយប្រមាណ ៥ម៉ែត្រ ពីក្រុមកម្មករទាំង៤១នាក់ បន្ទាប់ពីមានឧប្បត្តិហេតុបាក់រលំផ្លូវក្រោមដីនេះអស់រយៈពេលជាង ២សប្តាហ៍ ខណៈក្រុមមន្ត្រី ជឿថា នឹងជួយសង្រ្គោះពួកគេចេញមកឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

បន្ទាប់ប្រត្តិបត្តិការជួយសង្រ្គោះបានបរាជ័យម្តងហើយម្តងទៀត វិស្វករយោធា និងអ្នករុករករ៉ែដែលមានជំនាញ កំពុងធ្វើការជីកយករ៉ែថ្ម និងកម្ទេចថ្ម ដើម្បីឆ្ពោះទៅរកក្រុមបុរសទាំង៤១នាក់ ដោយប្រើបច្ចេកទេសពិសេសចុងក្រោយ។

ប្រមុខរដ្ឋ Uttarakhand លោក Pushkar Singh Dhami បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងនោះថា នៅសល់កម្ទេចថ្មប្រមាណ ៥ម៉ែត្រទៀត កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានឈានចូលដល់ថ្ងៃទី១៧ ហើយប្រតិបត្តិការជួយសង្គ្រោះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ប៉ុន្ដែលោកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ណាមួយនោះទេ។

ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលឥណ្ឌា បានព្រមានម្តងហើយម្តងទៀតថា ការកំណត់ពេលវេលាអាចប្រឈមនឹងបញ្ហាបច្ចេកទេស ដីភ្នំហិម៉ាឡៃយ៉ានគឺពិតជាមានភាពស្មុគស្មាញ រួមទាំងអាចគ្រោះអាសន្នដែលមិនបានមើលឃើញទុកជាមុនទៀតផង។

គួររំលឹកថា កម្មករបុរសទាំង៤១នាក់នោះ ទទួលបានប្រាក់កម្រៃទាបមកពីរដ្ឋនានាក្រីក្របំផុតរបស់ឥណ្ឌា បានជាប់ក្នុងផ្លូវក្រោមដីកំពុងសាងសង់រវាងទីក្រុងដាច់ស្រយាលនៃរដ្ឋ Silkyara និង Dandalgaon ក្នុងរដ្ឋហិម៉ាឡៃយ៉ាននៃរដ្ឋ Uttarakhand។

សូមជម្រាបថា ផ្លូវក្រោម​ដីនេះ គឺជាផ្នែកមួយនៃផ្លូវហាយវ៉េ Char Dham ដែលចំណាយ​ប្រាក់​សាង​សង់​ចំនួន១,៥ពាន់លានដុល្លារ ជាគម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ប្រកប​ដោយ​មហិច្ឆិតា​បំផុត​របស់​លោក​នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក្នុងបំណងភ្ជាប់​ទៅ​នឹង​ទីតាំង​ធម្មយាត្រា​សាសនា​ហិណ្ឌូចំ​នួ​ន៤ ដែលមានចម្ងាយផ្លូវប្រវែង៨៩០គីឡូម៉ូត្រ៕

ប្រភព៖ CNA

Share.