ភ្នំពេញ÷បុរសម្នាក់បានបាត់បង់ជីវិត ក្នុងថ្លុកឈាម ខណៈកំពុងជិះម៉ូតូអគ្គីសនីតាមផ្លូវ ត្រូវបុរសម្នាក់បើករថយន្ដសេរីទំនើប បុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅខាងមុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញពោចិ៍តុង ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូអគ្គិសនីមួយគ្រឿងពណ៍ខ្មៅ ធ្វើដំណើរចេញពីធ្វើការនៅព្រលានយន្ដហោះអន្តរជាតិពោធិ៍ចិនតុង តាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្នុងទិសដៅពីលិចមកកើត លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានបុរសម្នាក់បើករថយន្ដម៉ាក FORD MUSTANG ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 2BW-0080 ធ្វើដំណើរស្របទិសគ្នា មកបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យម៉ូតូហោះប្លោងជាង៥០ម៉ែត្រ ខ្ទេចស្ទើរទាំងស្រុង ម្ចាស់ម៉ូតូបាត់អាយុជីវិតភ្លាមៗ ។ឯរថយន្ដបង្កផ្ទុះប៉ោងសុវត្ថិភាពចំនួនពីរ នឹងរងការខូចខាតផ្នែកខាងមុខ។

សពជនរងគ្រោះមានឈ្មោះ សុខ មាឡៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជាបុគ្គលិកបំរើការនៅក្នុងព្រលានយន្ដហោះពោធិ៍ចិនតុង ស្នាក់នៅពោធិ៍ចិនតុង។ ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ នរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែងរួចស្ទូចម៉ូតូនឹងរថយន្ដ យកទៅរក្សាទុកដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ ចំពោះសពជនរងគ្រោះ បានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ត្រយងតូច

Share.