ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃចន្ទ ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងត្រូវកាត់ទោសជាឧក្រិដ្ឋជនសង្គ្រាម ជុំវិញការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ ហ្គាហ្សាស្រ្ទីប នៅពេលបានរិះគន់ប្រទេសលោកខាងលិច ដែលគាំទ្រអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំគណៈកម្មាធិការនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃចន្ទ លោក Erdogan បាននិយាយថា ប្រទេសលោកខាងលិច ដែលគាំទ្រអ៊ីស្រាអែល កំពុងផ្តល់ការគាំទ្រដោយគ្មានលក្ខខណ្ឌចំពោះការសម្លាប់ទារក ហើយរំពឹងថា ថ្ងៃណាមួយលោក Netanyahu នឹងប្រឈមមុខជាមួយតុលាការឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងទីក្រុង ឡាអេ ជាមិនខាន។

លោក Erdogan បាននិយាយដោយសំដៅលើអតីតប្រធានាធិបតីយូហ្គោស្លាវី លោក Slobodan Milosevic ដែលត្រូវបានកាត់ទោសពីបទប្រព្រឹត្តអំពើប្រល័យពូជាសាសន៍ និងសង្រ្គាមចាប់ផ្តើមនៅឆ្នាំ២០០២ រហូតដល់ការស្លាប់របស់គាត់នៅឆ្នាំ២០០៦។ លោក Erdogan សង្កត់ធ្ងន់ថា «មិនមែនត្រឹមតែក្លាយជាឧក្រិដ្ឋជនសង្រ្គាមប៉ុណ្ណោះទេ ពេលនេះលោក Netanyahu ក៏ជាអ្នកសម្លាប់ប្រជាជនហ្គាហ្សា ហើយក៏នឹងត្រូវកាត់ទោសដូចលោក Milosevic ដែរ»។

ប្រធានាធិបតីតួកគីរូបនេះ បានបន្ថែមថា អ្នកដែលព្យាយាមមើលរំលងការស្លាប់របស់ប្រជាជនស្លូតត្រង់ទាំងអស់នោះ ដោយយកក្រុមហាម៉ាសជាលេស គឺគ្មានអ្វីត្រូវនិយាយទៅកាន់មនុស្សជាតិទេ ហើយលោកបានស្តីបន្ទោសអ្នកគាំទ្រអ៊ីស្រាអែលនៅលោកខាងលិច ដែលធ្វើគធ្វើថ្លង់ចំពោះព្រឹត្តិការណ៍នៅ ហ្គាហ្សា។ លោក Erdogan ក៏​​បញ្ជាក់​ផង​ដែរ​ថា សម្ព័ន្ធមិត្ត​លោក​ខាង​លិច​របស់​អ៊ីស្រាអែល ​គឺ​ជាអ្នក​គាំទ្រ​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះការ​សម្លាប់​ទារក។

លោក Erdogan ដែលគណបក្សកាន់អំណាចមានឫសគល់សាសនាឥស្លាម បាននិយាយថា ក្រុមទំនាក់ទំនងនៃបណ្តាប្រទេសមូស្លីម ដែលត្រូវបានបង្កើតឡើងដោយ OIC និងសម្ព័ន្ធអារ៉ាប់កាលពីខែមុន ដើម្បីធ្វើការពិភាក្សាស្តីពីតំបន់ហ្គាហ្សា ជាមួយបណ្តាប្រទេសលោកខាងលិច និងប្រទេសដទៃទៀត នឹងបន្តការពិភាក្សារហូតដល់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា បានបញ្ចប់។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រធានាធិបតីតួកគី ក៏បានរិះគន់ប្រទេសអ៊ីស្រាអែលផងដែរ ចំពោះសកម្មភាពរបស់ពួកគេនៅហ្គាហ្សា ហើយថែមទាំងថា មាន «ភស្តុតាងគ្រប់គ្រាន់»​​ ដើម្បីឲ្យរដ្ឋាភិបាលអ៊ីស្រាអែលទទួលខុសត្រូវនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ទៀតផង៕

ប្រភព៖ CNA

Share.