អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានធ្វើការព្រមានជាផ្លូវការដ៏កម្រដល់ក្រុមប្រឹក្សាសន្តិសុខអំពីការគំរាមកំហែងជាសកលពីសង្គ្រាមហ្គាហ្សា ខណៈរដ្ឋអារ៉ាប់កំពុងបន្តការជំរុញឱ្យក្រុមប្រឹក្សាអំពាវនាវឱ្យមានបទឈប់បាញ់សារជាថ្មី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។

សហរដ្ឋអាមេរិក ដែលជាអំណាចវេតូមួយក្នុងចំណោមអំណាចវេតូទាំង៥ លើក្រុមប្រឹក្សាដែលមានសមាជិក ១៥ប្រទេស គឺប្រឆាំងទៅនឹងបទឈប់បាញ់រវាងសម្ព័ន្ធមិត្តរបស់ខ្លួន អ៊ីស្រាអែល និងក្រុមហាម៉ាស ព្រោះជឿថា ទង្វើបែបនេះនឹងផ្តល់ផលប្រយោជន៍ដល់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនតែប៉ុណ្ណោះ។

ទីក្រុងវ៉ាស៊ីនតោនគាំទ្រការផ្អាកបាញ់ដើម្បីមនុស្សធម៌ ការពារជនស៊ីវិល និងអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំង ដែលក្រុមហាម៉ាស់បានចាប់យកអំឡុងការវាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

លោក Guterres បានប្រាប់ក្រុមប្រឹក្សានៅក្នុងលិខិតមួយថា «សង្គ្រាមនៅតំបន់ហ្គាហ្សា អាចធ្វើឲ្យការគំរាមកំហែងដែលមានស្រាប់ កាន់តែធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ លោកបានអំពាវនាវឱ្យយកមាត្រា៩៩ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ មកប្រើប្រាស់ ដែលមាត្រានោះអនុញ្ញាតឱ្យក្រុមប្រឹក្សាសន្ដិសុខយកចិត្តទុកដាក់ រាល់បញ្ហាតាមគំនិតរបស់លោក ចំពោះបញ្ហាដែលអាចគំរាមកំហែងដល់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ»។

ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា មាត្រនេះ មិនត្រូវបានប្រើប្រាស់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

លោក Guterres បានបញ្ជាក់ថា «យើងកំពុងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរនៃការដួលរលំនៃប្រព័ន្ធមនុស្សធម៌។ ស្ថានភាពកាន់តែយ៉ាប់យ៉ឺនយ៉ាងលឿនក្លាយទៅជាមហន្តរាយ ជាមួយនឹងផលប៉ះពាល់ដែលមិនអាចត្រឡប់វិញបានសម្រាប់ប៉ាឡេស្ទីនទាំងមូល និងសម្រាប់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់»។ លោក​បន្ថែម​ថា​៖ «​លទ្ធផល​បែប​នេះ​ត្រូវ​តែ​ជៀស​វាង ​ដោយ​ការ​អំពាវនាវ​ម្ដងហើយម្ដងទៀត​ ឱ្យ​មាន​ការប្រកាសបទ​ឈប់​បាញ់​មនុស្សធម៌»។

ទាក់ទិននឹងបញ្ហានេះ បេសកកម្ម​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ ​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​លើ​លិខិត​របស់​លោក Guterres ទេ។

ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា «ទីក្រុងវ៉ាស៊ីនតោនបានឃើញលិខិតនេះ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយលើវាជាពិសេស ដោយបន្ថែមថា សហរដ្ឋអាមេរិកនឹងបន្តពិគ្រោះយោបល់ជាមួយលោក Guterres និងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោក Miller បន្ថែមថា «ពិតណាស់មានការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងការគំរាមកំហែងដល់សន្តិសុខពិភពលោក ដែលផ្ដើមចេញពីជម្លោះនេះ។ យើងបាននិយាយថាបន្ទាប់ពីថ្ងៃទី៧ ខែតុលា ហើយយើងបានបញ្ជាក់យ៉ាងច្បាស់ថា រឿងមួយដែលយើងកំពុងព្យាយាមធ្វើ គឺការពារជម្លោះនេះ ពីការរីករាលដាល»។

យ៉ាងណាម៉ិញ បេសកជននៃអង្គការសហប្រជាជាតិ ប៉ាឡេស្ទីន លោក Riyad Mansour កាលពីថ្ងៃពុធ បាននិយាយថា «អ្នកការទូតអារ៉ាប់ កំពុង «កែសម្រួល» សេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់។ យ៉ាងណាដំណោះស្រាយមួយ ត្រូវការសំឡេងគាំទ្រយ៉ាងតិច ៩សំឡេង ហើយគ្មានសិទ្ធិវ៉េតូដោយសហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង ឬអង់គ្លេស»។

លោក Mansour បាននិយាយថា រដ្ឋមន្ត្រីអារ៉ាប់គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ហើយនឹងពិភាក្សាអំពីវិធានការជាមួយមន្ត្រីអាមេរិក។

គួររំលឹកថា អ៉ីស្រាអែលបានបើកយុទ្ធនាការយោធារបស់ខ្លួនក្រោយពីរងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដើម្បីកម្ទេចក្រុមហាម៉ាសជាការឆ្លើយតបវិញ ដែលអ៉ីស្រាអែលបាននិយាយថា មនុស្សប្រមាណ ១,២០០នាក់ ត្រូវបានសម្លាប់ និមនុស្ស ២៤០នាក់ទៀត ត្រូវក្រុមហាម៉ាសចាប់ធ្វើជាចំណាប់ខ្មាំង។ ខណៈក្រសួងសុខាភិបាលនៅហ្គាហ្សា បានបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅប៉ាឡេស្ទីន មានប្រមាណជា ១៦,០១៥នាក់៕

ប្រភព៖ CNA

Share.