បាត់ដំបង÷ ស្នងការខេត្តបាត់ដំបងបានចេញសេចក្តីណែនាំមួយដល់គ្រប់ម្ចាស់យានយន្តដែលបិទស្ទីកគ័រ និងបាំងវាំងននតម្រូវឲ្យបក និងដកចេញ មុនមានការត្រួតពិនិត្យផាកពិន័យ។

នគរបាលប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយដល់សាធារណជន ពិសេសគ្រប់ម្ចាស់យានយន្តទាំងអស់ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ឲ្យចូលរួមអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងរបស់ការិយាល័យចរាចរណ៍ផ្លូវគោកជាធរមានដោយមិនអនុញ្ញាតិឲ្យម្ចាស់យានយន្តទាំងអស់បិទកញ្ចក់ខ្មៅ កញ្ចក់ខាងមុខ ឬដាក់តាំងវត្ថុផ្សេងៗ រួមមានដូចជា៖ បាំងវាំងនន បិទស្ទីកគ័រ តាំងរូបតុក្កតា និងបិទខ្លឹមសារផ្សេងៗ ក្រៅពីប័ណ្ណត្រួពិនិត្យលក្ខណៈបច្ចេកទ្ទេស និងបណ័្ណបង់ពន្ធប្រចាំឆ្នាំឡើយ ដែលជាហេតុនាំឱ្យមានបញ្ហាក្នុងពេលបើកបរ។

អនុវត្តតាមអនុសាសន៍របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្របតាមខ្លឹមសារនៃអង្គប្រជុំកាលពីកន្លងមកថ្មីៗនេះ បានឱ្យដឹងថា សេចក្តីណែនាំថ្មីនេះ មានប្រយោជន៍ពង្រឹងរាល់ការបើកបរ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមានឡើងជាបន្តបន្ទាប់។

ប្រភពសមត្ថកិច្ចជំនាញដដែលបានបញ្ជាក់បន្ថែមថា វិធានការចំពោះមុខនេះការិយាល័យជំនាញតម្រូវឱ្យម្ចាស់យានទាំងអស់ត្រូវបក ឬដោះចេញជាកំហិតនូវរាល់វត្ថុលំអ វត្ថុអនុស្សាវរីយ៍ផ្សេងៗ ដែលជាឧបសគ្គក្នុងការបើកបរមុនពេលសមត្ថកិច្ចអនុវត្តវិធានការត្រួតពិនិត្យផាកពិន័យក្នុងករណីមិនព្រមអនុវត្តតាមសេចក្តីណែនាំ៕

ដោយ: ដំបងក្រញូង

Share.