ការប្រយុទ្ធគ្នាក្នុងទីក្រុងដ៏ខ្លាំងក្លា បានផ្ទុះឡើងកាលពីថ្ងៃចន្ទ នៅក្នុងសង្រ្គាមបង្ហូរឈាមបំផុតមិនធ្លាប់មាននៅក្នុងតំបន់ហ្គាហ្សា ដោយមានជនជាតិប៉ាឡេស្ទីនជាង ១៨,២០០នាក់ និងទាហានអ៊ីស្រាអែលចំនួន ១០៤នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ ចំពេលមានវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។

សង្រ្គាមរវាងអ៉ីស្រាអែល-ក្រុមហាម៉ាស បានកើតឡើងដោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សប្រហែល ១,២០០នាក់នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ហើយបានចាប់មនុស្ស ២៤០នាក់ ជាចំណាប់ខ្មាំងទៅតំបន់ហ្គាហ្សា។ យ៉ាងណាម៉ិញ ក្រុមហាម៉ាស បានព្រមានថា ចំណាប់ខ្មាំងដែលនៅសល់ចំនួន ១៣៧នាក់ នឹងគ្មានជីវិតរស់ទេ លុះត្រាតែអ៉ីស្រាអែលបំពេញតាមការទាមទររបស់ខ្លួន និងដោះលែងអ្នកទោសប៉ាឡេស្ទីនបន្ថែមទៀត។

ការប្រយុទ្ធគ្នាលក្ខណៈទ្រង់ទ្រាយនេះបានបន្តនៅតំបន់ហ្គាហ្សា ដោយក្រុមសកម្មប្រយុទ្ធជីហាតឥស្លាមនិយាយថា ពួកគេបានបំផ្ទុះផ្ទះមួយខ្នងក្នុងទីក្រុង Khan Yunis ភាគខាងត្បូងហ្គាហ្សា ជាកន្លែងដែលទាហានអ៊ីស្រាអែល កំពុងស្វែងរកផ្លូវរូងក្រោមដី។

គ្រាប់រ៉ុក្កែតដែលបាញ់ចេញពីតំបន់ហ្គាហ្សា បានវាយប្រហារតំបន់ Holon ជាយទីក្រុង Tel Aviv ធ្វើឱ្យជនស៊ីវិលម្នាក់រងរបួស និងបន្សល់ទុកនូវរណ្ដៅដ៏ធំនៅលើផ្លូវលំមួយកន្លែង។

ទាក់ទិននឹងបញ្ហានេះ អ៊ីស្រាអែល​ បាន​ជំរុញ​ជន​ស៊ីវិល​ឱ្យ​ស្វែង​រក​ការ​ជ្រកកោន​នៅ​ភាគ​ខាង​ត្បូង​ ឆ្ងាយពីតំបន់គ្រោះថ្នាក់ ប៉ុន្តែ​កង​ទ័ព​បាន​បន្ត​វាយ​ប្រហារ​គោល​ដៅ​មួយចំនួននៅ​ទូទាំង​តំបន់នេះដដែល។

សូមជម្រាបថា បច្ចុប្បន្ននេះ ភាគច្រើននៃតំបន់ហ្គាហ្សា បានខ្ទេចខ្ទីក្លាយជាសំណងអគារបាក់បែក ហើយចំនួនអ្នកស្លាប់ចុងក្រោយ ដែលក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានរាយការណ៍ថា កើនឡើងដល់ចំនួន ១៨,២០៥នាក់ ដែលភាគច្រើនជាស្រ្តី និងកុមារ៕

ប្រភព៖ CNA

Share.