បាត់ដំបង៖ សិស្សប្រុសស្រីចំនួន៤នាក់បានស្លាប់យ៉ាងសង្វេគ ចំណែក២នាក់ទៀតត្រូវបានអ្នកស្រុកជួយសង្គ្រោះទាន់ក្នុងគ្រាដែលជនរងគ្រោះចុះលេងទឹកអាងមិនប្រយ័ត្នជ្រុលខ្លួនចូលដល់ទីកន្លែងជ្រៅ។

សមត្ថកិច្ចបានញ្ជាក់ថា ករណីគ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោងប្រមាណជិត១១:០០នាទីជិតថ្ងៃត្រង់ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចឈើទាល់ភ្លួស ក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា៖ជនរងគ្រោះទាំង៦នាក់ជាសិស្សរៀននៅវិទ្យាល័យត្រែង ក្រោយម៉ោងសម្រាកពីការសិក្សាពួកគេទាំងអស់គ្នាបាននាំគ្នាទៅលែងក្បែរទំនប់ស្តុកទឹកពហុបំណងសេកសករួចក៏នាំគ្នាចុះងូតទឹកលេង ចៃដន្យអាក្រក់គ្រាដែលកំពុងលេងយ៉ាងសប្បាយស្រាប់តែជ្រុលខ្លួនចុះដល់កន្លែងទឹកជ្រៅក៏ផុតជើងដៃហើយស្រែកស្រវាតោងគ្នារហូតដល់លង់លិចចុះក្នុងទឹកបាត់ទាំង៤នាក់តែម្តង។ ចំណែកជនរងគ្រោះចំនួន២នាក់ទៀតត្រូវបានអ្នកភូមិជួយសង្គ្រោះស្ទើរមិនទាន់។

យុវសិស្សជាជនរងគ្រោះឈ្មោះភាព ចំរើន ភេទស្រី អាយុ១៣ឆ្នាំ, ឈ្មោះរ៉ា ចាន់រី ភេទស្រី អាយុ១៣ឆ្នាំ ទាំង២នាក់នៅរស់មានជីវិត មានទីលំនៅក្នុងឃុំត្រែង ចំណែកឯជនរងគ្រោះដែលបាត់បង់ជីវិតរួមមាន៖ឈ្មោះសេង អុីនជឺលី ភេទស្រី អាយុ១២ឆ្នាំ, ឈ្មោះសេង ជូលីណា ភេទស្រី អាយុ១៤ឆ្នាំ, ឈ្មោះអូ ហាន់ណានូរី ភេទស្រី ១៤ឆ្នាំ និង ឈ្មោះភាព ចិន្ដា ភេទប្រុស អាយុ១៤ឆ្នាំ ទាំង៤នាក់រស់នៅក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ជុំវិញហេតុការណ៍នេះ សមត្ថកិច្ចបានចុះពិនិត្យ និងបានអះអាងថា ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹក ខណ:លេងទឹកអាងភ្លេចខ្លួនក៏ចុះដល់ទីជ្រៅរួចលង់ទឹកតែម្តង៕

អត្ថបទ៖ដំបងក្រញូង

Share.