ក្លិបបាល់ទាត់គិរីវង់​សុខសែនជ័យ ក្រោម​ការ​ដឹក​នាំរបស់​លោក សាប៊ូន វិនតា កំពុង​បង្ហាញ​លទ្ធផល​មិន​សូវ​បាន​ល្អ​នៅ​ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់​លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៣-២៤ ដោយ​ឆ្លង​កាត់ ១៤ប្រកួត​កន្លង​មក​ ឈ្នះតែ ១ប្រកួត ស្មើ៣ និងចាញ់ ១០ប្រកួត មាន ៦ពិន្ទុ ឈរ​នៅ​បាត់​តារាង។

ខណ:​ការ​ប្រកួត​ចុង​ក្រោយ​នៅសប្ដាហ៍​ទី១៤ ថ្ងៃទី១៧ ធ្នូ គិរី​វង់​សុខ​សែនជ័យ បាន​បរាជ័យ​ក្នុង​លទ្ធផល ៦-០ ក្នុង​ជំនួប​ទល់​ជា​មួយ​ក្លិប​បាល់ទាត់​បឹងកេត នៅ​ក្នុង​ទឹក​ដី​នៃកីឡដ្ឋានគិរីវង់​របស់​ខ្លួន ហើយ​ក៏​ជា​លទ្ធផល​ដែល​ចាញ់​ច្រើន​គ្រាប់​ផង​ដែរ​សម្រាប់​ជំនួន​កន្លង​មក​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ដោយ​លទ្ធផល​បែប​នេះលោក សាប៊ូន វិនតា គ្រូ​បង្គោល​ក្លិប​គិរីវង់សុខសែនជ័យ បាន​បង្ហោះ​សារ​ខ្លី​មួយ​នៅ​លើ​គណនី​ហ្វេស​បុក​របស់​លោក​នៅ​ថ្ងៃទី១៨ ធ្នូ​នេះ​ថា៖ «ភាពបរាជ័យ​មិនអាច​បញ្ឈប់​ការ​ខិតខំ​ប្រឹង​របស់​ខ្ញុំបាន​ឡើយ​។ កើតមកជាមួយអាជីពបាល់ទាត់នេះរហូតដល់ស្លាប់មិនក្បត់អាជីពខ្លួនឯងឡើយ»។

លទ្ធផល​កន្លង​មក​​នៅ​ក្នុង​ពានរង្វាន់​លីគកំពូល​កម្ពុជា របស់លោក សាប៊ូន វិនតា គ្រូ​បង្គោល​ក្លិប​គិរីវង់សុខសែនជ័យ៖

  • សប្ដាហ៍ទី១៖ ចាញ់ វិសាខា ២-០ នៅកីឡដ្ឋានព្រីនស៍
  • សប្ដាហ៍ទី២៖ ស្មើ ជាមួយ Tiffy Army ១-១ នៅកីឡដ្ឋានគិរីវង់
  • សប្ដាហ៍ទី៣៖ ចាញ់ អង្គរថាយហ្គឺរ ២-០ នៅកីឡដ្ឋានហនុមាន
  • សប្ដាហ៍ទី៤៖ ចាញ់ ព្រៃវែង ២-១ នៅកីឡដ្ឋានគិរីវង់
  • សប្ដាហ៍ទី៥៖ ចាញ់បឹងកេត ២-០ នៅពហុកីឡដ្ឋានជាតិ
  • សប្ដាហ៍ទី៦៖ ស្មើជាមួយណាហ្គាវើលដ៍ ១-១ នៅកីឡដ្ឋានខេត្តកមំពង់ស្ពឺ
  • សប្ដាហ៍ទី៧៖ ចាញ់ ISI ដង្កោសែនជ័យ ១-០ នៅកីឡដ្ឋានគិរីវង់
  • សប្ដាហ៍ទី៨៖ ចាញ់ព្រះខ័នរាជស្វាយរៀង ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង
  • សប្ដាហ៍ទី៩៖ ឈ្នះភ្នំពេញក្រោន ១-០ នៅកីឡដ្ឋានគិរីវង់
  • សប្ដាហ៍ទី១០៖ ចាញ់វិសាខា ២-០ នៅកីឡដ្ឋានគិរីវង់
  • សប្ដាហ៍ទី១១៖ ចាញ់ Tiffy Army ៤-២ នៅកីឡដ្ឋានស្តាតចាស់
  • សប្ដាហ៍ទី១២៖ ចាញ់ អង្គរថាយហ្គឺរ ៣-១ នៅកីឡដ្ឋានគិរីវង់
  • សប្ដាហ៍ទី១៣៖ ស្មើជាមួយព្រៃវែង ២-២ នៅកីឡដ្ឋានខេត្តព្រៃវែង
  • សប្ដាហ៍ទី១៤៖ ចាញ់បឹងកេត ៦-០ នៅកីឡដ្ឋានគិរីវង់

លោក សាប៊ូន វិនតា កាន់សញ្ញាប័ត្រ AFC “A” License នឹង​ត្រូវបាន​តែង​តាំង​ជា​គ្រូ​បង្គោល​​ក្លិប​គិរី​វង់​សុខសែន​ជ័យ​កាល​ពី​ដើម​ឆ្នាំ​២០២៣​។ លោកមាន​បទ​ពិសោធ​ក្នុង​អាជីព​បណ្តុះ​បណ្តាល​បាល់ទាត់ ក្នុង​នោះ​លោក​ធ្លាប់​ជា​នាយ​កបច្ចេកទេសក្លិបបាល់ទាត់ ISI-DSC FC និង នាយកអភិវឌ្ឍ​យុវជន​ក្លិបបាល់​ទាត់​បឹងកេត​ ព្រម​ទាំង​ថ្នាល​យុវជន​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី៕

Share.