ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋ មានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់អញ្ជើញមកទិញត្រី ក្នុងរដូវនេសាទ ចាប់ពីថ្ងៃទី១៩-២៥ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ។

តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ តាមការសង្កេត ត្រីចាប់ផ្ដើមបន្លាស់ទីចេញ ពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រី តាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពី១៩-២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

ជាមួយគ្នារដ្ឋបាលជលផល សំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ជួយសម្រួលដល់ពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូន ៕

អត្ថបទ៖ សង្គម

Share.