ពោធិ៍សាត់៖ ស្របពេលរដូវធ្វើប្រហុកផ្អកចូលមកដល់ ឯកឧត្តម ខួយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមកុំប្រើឧបករណ៍នេសាទទាំងឡាយណាដែលធ្វើឲ្យរាំងស្ទះដល់ការបម្លាស់ទីត្រីចេញពីបឹងទន្លេសាប ជាពិសេសត្រង់ចំណុច កដប ជាច្រកតូចចង្អៀតដើម្បីឲ្យត្រីធ្វើចរាចរណ៍ទៅរកទីជម្រកបន្តពូជផង និងបងប្អូនប្រជាពលរដ្ឋអាស្រ័យផលផង។

ក្នុងដំណើរចុះពិនិត្យកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលភ្ជាប់ជាមួយនឹងស្ថានភាពការធ្វើនេសាទរបស់បងប្អូនប្រជាពលរដ្ឋនៅលើផ្ទៃបឹងទន្លេសាបភូមិសាស្ត្រខេត្តពោធិ៍សាត់ចាប់ពីព្រំប្រទល់ឃុំកំពង់លួងស្រុកក្រគរ រហូតដល់ចំណុចកដបព្រំប្រទល់ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី 18 ខែធ្នូ ឆ្នាំ2023 ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា តាមការពិនិត្យជាក់ស្ដែងជាមួយនឹងមន្ត្រីជំនាញជលផលនោះផលត្រីឆ្នាំនេះក្នុងខេត្តពោធិ៍សាត់សំបូរជាងឆ្នាំ2022ពោលគឺចាប់ផលបានចំនួន 39600តោនកើនលើសឆ្នាំ2022 ចំនួន2000តោន។ ចំណែកបទល្មើសនេសាទវិញគឺថយចុះ 50%បើធៀបទៅនឹងឆ្នាំ 2021 នឹង 2022 កន្លងទៅ។ទាំងអស់នេះគឺដោយសារបងប្អូនប្រជានេសាទបានយល់ដឹងច្រើនអំពីការកំណត់ក្នុងច្បាប់ស្ដីពីជលផលនៃការប្រាស់ឧបករណ៍តាមរយៈការចុះអប់រំណែនាំ ផ្សព្វផ្សាយពីមន្ត្រីជំនាញជាមួយនឹងការចុះទប់ស្កាត់បង្ក្រាបជាប្រចាំរបស់កម្លាំងសមត្ថកិច្ចផងដែរ។ ប៉ុន្តែក៏នៅមានប្រជានេសាទមួយចំនួននៅតែបន្តសកម្មភាពធ្វើនេសាទខុសច្បាប់ដែលតម្រូវឱ្យកម្លាំងសមត្ថកិច្ចត្រូវចុះបង្ក្រាបជាបន្តបន្ទាប់ទៀតធ្វើយ៉ាងណាឲ្យពូជមច្ឆាជាតិយើងមាននិរន្តរភាពតទៅមុខទៀត។

ដោយឡែកចំពោះមុខនេះ ដើម្បីឱ្យចរាចរណ៍ត្រីបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកចូលទៅទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ ដែលជាអំណោយផលដល់ការធ្វើនេសាទបានផលច្រើននៅតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តកំពង់ធំខេត្តកំពង់ឆ្នាំង ជាពិសេសតាមគន្លងដាយនៅខេត្តកណ្ដាល និងរាជធានីភ្នំពេញ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទទួលផល ធ្វើប្រហុក ផ្អក ឆ្អើរ ជាដើមនិងដើម្បីឲ្យត្រីបន្លាស់ទីទៅតំបន់ទន្លេមេគង្គលើ ស្វែងរកចំណីនិងទីជម្រកបន្តពូជផងនោះ ឯកឧត្តមសូមអំពាវនាវដល់ប្រជានេសាទទាំងអស់កុំប្រើឧបករណ៍នេសាទដែលធ្វើឲ្យរាំងស្ទះដល់ចរាចរណ៍ត្រីជាពិសេសត្រង់ចំណុច កដប ជាច្រកតូចចង្អៀតព្រំប្រទល់ ៣ខេត្ត គឺខេត្តពោធិ៍សាត់ កំពង់ធំ និងកំពង់ឆ្នាំងតែម្ដង៕

អត្ថបទ៖ ពោធី៍សាត់

Share.