ដើម្បីអបអរសាទរខួបលើកទី៥៤ នៃថ្ងៃបង្កើតអាស៊ាន (ASEAN) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ នេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជាបានរៀបចំកម្មវិធីសម្ដែងសិល្បៈតាមរយៈប្រព័ន្ធវីដេអូ។

ថ្លែងនៅក្នុងកម្មវិធី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្ត្រីអាស៊ានទទួលបនកទុកវប្បធម៌ និង សិល្បៈសម្រាប់ឆ្នាំ២០២០-២០២២ បានមានប្រសាសន៍ក្នុងអង្គពិធីថា «ព្រឹត្តិការណ៍សិល្បៈសាមគ្គីប្រជាជាតិអាស៊ាននេះ គឺមិនគ្រាន់តែជាសកម្មភាពដើម្បីអបអរសាទរខួបនៃថ្ងៃបង្កើតអាស៊ានប៉ុណ្ណោះទេប៉ុន្តែវាជាសក្ខីភាពនៃចក្ខុវិស័យ និងការប្តេជ្ញាចិត្តក្នុងការជំរុញលើកស្ទួយសកម្មភាពវប្បធម៌ ការសម្របខ្លួនទប់ទល់នឹងស្ថានភាពនៃផលប៉ះពាល់នានា ដែលបណ្តាលមកពីការរីករាយដាលនៃជំងឺកូវីដ-១៩ ដើម្បីប្រឈមមុខនឹងស្ថានភាពថ្មី ឆ្ពោះទៅការរិះរកវិធីថ្មីៗ ក្នុងការរៀបចំសកម្មភាពវប្បធម៌តាមបែបប្រក្រតីភាពថ្មី (New Normal) ។

ក្នុងនោះលោកជំទាវបណ្ឌិតសភាចារ្យក៏បានរំលេចនូវគោលការណ៍វប្បធម៌ និងសិល្បៈសំខាន់ៗ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមបទដ្ឋាននៃការអភិរក្ស និងការអភិវឌ្ឍមរតកវប្បធម៌រូបី និងអរូបី ស្របតាមគោលនយោបាយជាតិ ស្តីពីវប្បធម៌ និងទិសស្លោកអភិរក្ស ដើម្បីការអភិវឌ្ឍ និងការអភិវឌ្ឍ ដើម្បីអភិរក្ស ដែលគឺជាសូចនាករ ប្រកបដោយយុទ្ធសាស្ត្រ ដើម្បីជួយជំរុញនូវកំណើនសេដ្ឋកិច្ច-សង្គម និងការការពារបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ដ៏គង់វង្សនៃជាតិយើង ។ 

លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជាក៏បានបន្តឲ្យដឹងផងដែរ «ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកកិច្ចការវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងក៏បានដាក់ចេញនូវផែនការ និងវិធានការនានាក្នុងគោលបំណងលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍវប្បធម៌ និង សិល្បៈ ដោយឈរលើគោលការណ៍ រដ្ឋជាអ្នកគាំទ្រ និងអ្នកការពារ ដៃគូឯកជនគឺជាអ្នកអនុវត្ត ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ ។ លើសពីនេះទៀត គឺកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូនៅថ្នាក់ជាតិនិងអន្តរជាតិបានពង្រឹងបន្ថែមទៀតការការពារ និងការលើកតម្លៃសិល្បៈនិង វប្បធម៌ ក៏ដូច ជាទំនៀមទម្លាប់និងប្រពៃណីជាតិដ៏ល្អផូរផង់ ស្របតាមគោលដៅប្រជាប្រិយ ក្រោម ទិសស្លោក “បុរាណមិនយឺតសម័យមិនបរទេស”និងគោលដៅផ្សព្វផ្សាយវប្បធម៌ នៃប្រទេសកម្ពុជា” ព្រះរាជា ណាចក្រនៃវប្បធម៌”លើវេទិកាជាតិ និងអន្តរជាតិ។ 

រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវប្បធម៌ជាព្រលឹងនិងអត្តសញ្ញាណជាតិរបស់យើងដែលនេះគឺជាស្ពាននិងជាគ្រឹះសម្រាប់ការសន្ទនាការផ្សះផ្សារសង្គមប្រកបដោយសុខដុ មភាពនិងស ន្តិ ភាពនៅ ក្នុង សង្គម។

គួរដឹងថា អាស៊ានបង្កើតឡើង គឺនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកកប្រទេសថៃ ដែលមានប្រទេសចំនួន៥ ជាស្ថាបនិក រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃ ។ ប្រទេសកម្ពុជា បានក្លាយជាប្រទេស សមាជិកអាស៊ាន​ទី​១​០​នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ បន្ទាប់ពីប្រទេស ប្រ៊ុយណេ វៀតណាម  ឡាវ និងមីយ៉ាន់ម៉ា៕

Telegram-Troryorng
Share.