ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ទៅរកត្រី ចុះបេះបន្លែ រអិលជើងធ្លាក់ចូលកន្លែងជ្រៅ លង់លិចបាត់ខ្លួន បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅស្រះទឹកមួយកន្លែង ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោម ចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្អើលកម្លាំងសមត្ថកិច្ច អាជ្ញាធរ កម្លាំងទ័ពពិសេសឆ័ត្រយោង៩១១ ចុះរាវរក តែមិនឃើញ ស្រាប់តែមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សពក្មេងប្រុសខាងលើ បានផុសអណ្តែតហើយ។

សពក្មេងប្រុសរងគ្រោះមាន ឈ្មោះ ហេង លីហុង អាយុ៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី២ មានឪពុកឈ្មោះ ហាក់ ហេង អាយុ៣៥ឆ្នាំ មុខរបរ បុគ្គលិកធនាគារ ម្តាយឈ្មោះ ស្រី នាង អាយុ៣០ឆ្នាំ មុខរបរលក់ដូរ និងមានបងប្អូនចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ក្មេងរងគ្រោះជាកូនទី១ មានទីលំនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមអាជ្ញាធរបានឱ្យដឹងថា ស្រះទឹកចាស់ចំណុចខាងលើទំហំ៥០ម៉ែត្រ១០០ម៉ែត្រ មានជម្រៅ១៣ម៉ែត្រ នៅកណ្តាលដីឡូត៍ មានរបងព័ទ្ធជុំវិញ បច្ចុប្បន្នដាំត្រកួន។

បើតាមការបំភ្លឺពីក្រុមគ្រួសារ បានឱ្យដឹងថា ចំណុចខាងលើ កន្លងមកក្មេងរងគ្រោះក៏ធ្លាប់ចេញចូល រកត្រី បេះបន្លែដែរ ស្រាប់តែរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ក្មេងរងគ្រោះ និងសត្វឆ្កែមួយក្បាល ចូលទៅរកត្រី និងបេះបន្លែ ដូចសព្វដង ដោយបាត់យូរពេក មិនឃើញវិលទៅផ្ទះ ឃើញតែសត្វឆ្កែ ដល់ផ្ទះ ម្ចាស់បាត់មិនឃើញ ងឿងឆ្ងល់ទៅតាមរកមើលឃើញតែស្បែកជើងនៅមាត់ស្រះ ទើបសង្ស័យលង់ទឹកលិចបាត់ខ្លួន រាយការណ៍ទៅសមត្ថកិច្ច អាជ្ញាធរ ផ្អើលនាំគ្នាទៅជួយរាវរក តែមិនឃើញ លុះដល់ព្រឹកថ្ងៃទី២០ បន្ទាប់ត្រូវបានកម្លាំងទ័ពពិសេសឆ័ត្រ យោង៩១១ ទៅជួយចុះរាវរក នៅតែមិនឃើញ ក្រុមគ្រួសារមិនអស់ចិត្ត នៅបន្តទៅឃ្លាំមើល ស្រះទឹក រហូតដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ស្រាប់តែសពក្មេងរងគ្រោះផុសអណ្តែតចេញមក រាយការណ៍ទៅសមត្ថកិច្ច ពិនិត្យជាក់ស្តែង។

សពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ស្រង់ឡើងគោក ដើម្បីឱ្យសមត្ថកិច្ចជំនាញ ស្នងការរាជធានីភ្នំពេញ ពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយលង់ទឹក រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.