អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា «មិនអាចទ្រាំបាន» ដោយសារអ្នកជំងឺដែលត្រូវបានគេបោះបង់ចោលភាគច្រើន កំពុងសុំទានអាហារ និងទឹកដើម្បីជីវិត ខណៈតំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើងត្រូវបានទុកចោលដោយគ្មានមន្ទីរពេទ្យដំណើរការ ព្រោះតែកង្វះខាតប្រេងឥន្ធនៈ បុគ្គលិក និងការផ្គត់ផ្គង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។

ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិបាននិយាយថា ខ្លួនបានដឹកនាំបេសកកម្មទៅកាន់មន្ទីរពេទ្យដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរចំនួន២ គឺ មន្ទីរពេទ្យ Al-Shifa និងមន្ទីរពេទ្យ Al-Ahli នៅភាគខាងជើងនៃទឹកដីប៉ាឡេស្ទីនកាលពីថ្ងៃពុធ។

យោងតាមអង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា មានតែមន្ទីរសុខភាពចំនួន ៩ប៉ុណ្ណោះក្នុងចំណោម ៣៦កន្លែង ដែលដំណើរការដោយផ្នែកនៅក្នុងតំបន់ហ្គាហ្សាទាំងមូល។ គ្រឿងបរិក្ខារទាំងអស់នេះត្រូវបានប្រមូលផ្តុំនៅភាគខាងត្បូងនៃតំបន់នោះ។

លោក Richard Peeperkorn អ្នកតំណាងអង្គការសុខភាពពិភពលោក ប្រចាំតំបន់ហ្គាហ្សា បានប្រាប់អ្នកយកព័ត៌មានតាមរយៈតំណភ្ជាប់វីដេអូពីទីក្រុងហ្សេរុយសាឡឹម ថា «តាមពិតទៅមិនមានមន្ទីរពេទ្យនៅដំណើរការទៀតទេ នៅភាគខាងជើងនៃតំបន់នោះ។ មន្ទីរពេទ្យ Al-Ahli គឺជាមន្ទីរពេទ្យចុងក្រោយ ប៉ុន្តែឥឡូវនេះវាដណើរការក្នុងកម្រិតតិចតួចបំផុត វានៅតែកំពុងព្យាបាលអ្នកជំងឺ ប៉ុន្តែមិនទទួលយកអ្នកថ្មីទេ»។

លោក Pepperkorn បានពិពណ៌នាថា មន្ទីរពេទ្យមួយចុងក្រោយនេះជា «សម្បកនៃមន្ទីរពេទ្យ» ហើយបាននិយាយថា វាផ្តល់ការថែទាំតិចតួចណាស់ ដោយមានតែបុគ្គលិកប្រហែល ១០នាក់ប៉ុណ្ណោះដែលកំពុងធ្វើការដែលបន្តផ្តល់សង្គ្រោះបឋម ការគ្រប់គ្រងការឈឺចាប់ និងការថែទាំមុខរបួស ជាមួយនឹងធនធានតិចតួច។

លោកបាននិយាយថា «រហូតមកដល់២ថ្ងៃមុន វាគឺជាមន្ទីរពេទ្យតែមួយគត់ដែលអ្នករបួសអាចទទួលការវះកាត់នៅភាគខាងជើងនៃតំបន់ហ្គាហ្សា ហើយមានអ្នកជំងឺត្រូវការការថែទាំបន្ទាន់»។

លោក Peeperkorn បាននិយាយថា «បុគ្គលិករបស់យើងកំពុងអស់ពាក្យដើម្បីពិពណ៌នាអំពីស្ថានភាពដ៏មហន្តរាយដែលហួសពីការប្រឈមមុខនឹងអ្នកជំងឺ និងបុគ្គលិកសុខាភិបាលដែលនៅសេសសល់»។

ការអត្ថាធិប្បាយនេះបានកើតឡើងចំពេលមានកិច្ចខិតខំប្រឹងប្រែងការទូត ដែលមានការភ័យខ្លាចកាន់តែខ្លាំងឡើង នៅក្នុងសង្គ្រាម ដែលក្រុមហាម៉ាស់និយាយថា អ៉ីស្រាអែលបានឆក់យកជីវិតមនុស្ស ២០,០០០នាក់នៅតំបន់ហ្គាហ្សា ដែលក្នុងនោះ ៧០ភាគរយជាស្ត្រី និងកុមារ ងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល។

សូមជម្រាបថា សង្រ្គាមបានចាប់ផ្តើមនៅពេលដែលក្រុមហាម៉ាស់ បានឆ្មក់វាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១,១៤០នាក់ ដែលភាគច្រើនជាជនស៊ីវិល និងមនុស្សប្រហែល ២៥០នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើតួលេខរបស់អ៊ីស្រាអែល៕

ប្រភព៖ CNA

Share.